(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ខិតខំអភិរក្សអគារចាស់ៗ នៅតាមទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែធ្វើយ៉ាងណា មិនត្រូវភ្លេចនូវការអភិវឌ្ឍទីក្រុងនោះបន្ថែមឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវគិតគូររឿងហ្នឹងឱ្យបានច្បាស់ ដូចជានៅទីក្រុងមួយចំនួន អគារចាស់ៗដែលបន្សល់ទុក កាលពីពេលមុន ដែលមានអគាររបស់រដ្ឋ គឺចាំបាច់ត្រូវថែទាំ ការពារវា ប៉ុន្តែយើងមិនអាចដាក់ ១ទីក្រុងទាំងអស់ មិនឱ្យមានការអភិវឌ្ឍបានទេ។ ខ្ញុំសូមឱ្យផ្តោត ការយកចិត្តទុកដាក់ ទៅលើបញ្ហាអភិរក្ស និងអភិវឌ្ឍ។ កុំឱ្យទៅជាគិតពីអភិរក្សដោយមិនខ្ចីគិតពីការអភិវឌ្ឍ ហើយគិតតែពីអភិវឌ្ឍ ប៉ុន្តែមិនគិតពីការអភិរក្ស ចំណុចនេះនឹងនាំ ទៅដល់ការរំខានដល់ការអភិវឌ្ឍរបស់យើង»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នាគ្រាដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទអន្តរជាតិ ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ លើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ (Conserving and Presenting Urban Heritages)» នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា សម្តេចបានជួបប្រទះបញ្ហានេះច្រើនលើកមកហើយក្នុងការអភិរក្សទីក្រុងបេតិកភណ្ឌនេះ។ សម្តេចបានលើកឡើងថា នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលមួយនោះ រាជរដ្ឋាភិបាលកម្ពុជា បានរក្សាទុកផ្ទះជាច្រើនដើម្បីអភិរក្ស តែបានធ្វើឲ្យប្រជាពលរដ្ឋតវ៉ាជាច្រើន។ សម្តេចបានស្នើកុំ ឲ្យមានស្តាំពេក និងឆ្វេងពេក ក្នុងការអភិរក្សទីក្រុងបេតិកភណ្ឌនេះ៕