(ភ្នំពេញ)៖ គ្រាន់តែសន្លឹកឆ្នោត១សន្លឹក ក្នុងចំណោមសន្លឹករាប់ពាន់សន្លឹក ដែលបញ្ជូនពីការិយាល័យបោះឆ្នោតទាំង ២៣ ស្ថិតនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីយកមករាប់សារឡើងវិញ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កឲ្យតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដំឡើងសរសៃក ដាក់គ្នាយ៉ាងខ្លាំង។
តាមកំណត់ត្រារបស់ក្រុមការងាររាប់សន្លឹកឆ្នោត បានឲ្យដឹងថា សន្លឹកឆ្នោតដែលធ្វើឲ្យមានភាពចម្រូងចម្រាស់ ១សន្លឹកនោះ ត្រូវបានអ្នកបោះឆ្នោតគូសសញ្ញា «ឆូតវែងអន្លាយ» លើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា ពោលមិនស្ថិតក្នុងប្រអប់សម្រាប់គូសសញ្ញា «ធិច» នោះទេ។ ម្យ៉ាងទៀត នៅផ្ទៃខាងខ្នងសន្លឹកឆ្នោត អ្នកបោះឆ្នោតក៏បានគូសសញ្ញាឆូត លើត្រាសម្ងាត់ពណ៌ក្រហម របស់ការិយាល័យបោះឆ្នោត និងគូសឆូត ៣-៤ឆ្នូត នៅខាងខ្នងសន្លឹកឆ្នោតបន្ថែមទៀត ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់។
ទំនាស់ពាក្យសម្ដីបែកផ្សែងនេះ កើតឡើងខណៈដែលគណបក្សសង្គ្រោះជាតិ ចង់ឲ្យ គ.ជ.ប ចាត់ទុកជាសន្លឹកឆ្នោត១សន្លឹកនោះ ជាសន្លឹកឆ្នោតអត់បានការ ចំណែកគណបក្សប្រជាជនកម្ពុជា ចង់ឲ្យ គ.ជ.ប ចាត់ទុកជាបានការ រាប់បញ្ចូលជាសំឡេងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ចំពោះការសម្រេចថាបានការ ឬមិនបានការយ៉ាងណានោះ គ.ជ.ប មិនទាន់សម្រេចនៅឡើយទេ ពោលត្រូវរងចាំការសម្រេចពីថ្នាក់កំពូលរបស់ស្ថាប័នមួយនេះសិន។
សូមជម្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យបោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោយពីមានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ របស់គណបក្សសង្គ្រោះជាតិ ដោយសារតែ មិនអស់ចិត្តទៅនឹងលទ្ធផលរាប់សន្លឹកឆ្នោត នៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC ខេត្តស្វាយរៀង)។
បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំដូង ដែលមានលេខកូដ ០៣៩ ក្នុងខេត្តស្វាយរៀងនេះ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកឈ្នះឆ្នោត ដោយទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជា ទទួលបាន សំឡេងឆ្នោតចំនួន ២,៥៩៦សំឡេង។ ប៉ុន្តែនៅពេលរាប់សន្លឹកឆ្នោតនៅ PEC ខេត្តស្វាយរៀង បង្ហាញលទ្ធផលថា គណបក្សប្រជាជនកម្ពុជាកើន ៦សំឡេង ពោលទទួលបាន ២,៦០២សំឡេង រីឯគណបក្សសង្គ្រោះជាតិកើនតែ ២សំឡេង ពោលទទួលបាន ២,៦០១សំឡេង ពោលគណបក្សសង្គ្រោះជាតិ ត្រលប់ជាចាញ់គណបក្សប្រជាជនកម្ពុជា ១សំឡេងវិញ៕