(ភ្នំពេញ)៖ សំណង់គ្មានច្បាប់ដ៏ធំចំនួន២កន្លែង ត្រូវបានលោកអភិបាលរងខណ្ឌឫស្សីកែវ ស៊ូ សោគន្ធ បញ្ជាឲ្យនាយករងការិយាល័យរដ្ឋបាលអន្តរវិស័យខណ្ឌ លោក លឹម សាមឌី ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះទៅអនុវត្តន៍ហាមឃាត់ជាបន្ទាន់ភ្លាមៗ និងដកហូតទាំងសម្ភារបម្រើឲ្យការងារសំណង់មួយចំនួនយកមករក្សាទុក ដើម្បីសុំច្បាប់ឲ្យបានត្រឹមត្រូវសិន ទើបអនុញ្ញាតឲ្យសាងសង់ឡើងវិញ ក្រោយណែនាំមួយលើកទៅពីរលើកមក ហើយមិនព្រមស្ដាប់។
លោក លឹម សាមឌី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការចុះទប់ស្កាត់សំណង់គ្មានច្បាប់អនុញ្ញាតទាំងពីរខាងលើនេះ មានការចូលរួមពី លោក ហ៊ី រតនា ប្រធានក្រុមសំណង់ទី២ លោក រេត សារ័ត្ន អនុប្រធានសំណង់ទី២ លោក ជា សារ៉ាត់ ក្រុមសំណង់ទី១ និងលោក ព្រំ រដ្ឋា អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ហើយបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។ មួយកន្លែងនៅត្រង់ចំណុចក្បែរផ្លូវចូលហ្គ្រេនភ្នំពេញ ស្ថិតលើផ្លូវ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ឈ្មោះ ជា ដែន និងមួយកន្លែងទៀត នៅទល់មុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតលើផ្លូវ៥៩៨ នាសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ឈ្មោះ លឹម អ៊ីវឃឹម។
អាជ្ញាធរខណ្ឌ ធ្លាប់បានធ្វើការណែនាំដល់អ្នកម៉ៅការសាងសង់ ក៏ដូចជាម្ចាស់ការដ្ឋានសំណង់ ត្រូវចាំបាច់សុំច្បាប់អនុញ្ញាតជាមុនសិន តែម្ចាស់ការដ្ឋានមិនព្រមស្ដាប់ តាមការណែនាំរបស់អាជ្ញាធរឡើយ ហើយបែរជាបង្ខំចិត្តសាងសង់បន្ត ទើបមានអាជ្ញាធរវិធានការរដ្ឋបាលតែម្ដង ដើម្បីចុះទៅអន្តរាគមន៍ហាមឃាត់ ផ្អាកការសាងសង់ជាបណ្ដោះអាស្ន និងឈានដល់ការដកហូតយកសម្ភារមួយចំនួនរួមមាន៖ អ័ងម៉ូទ័រកាត់ដែកចំនួន២គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង ប៉ុស្ដិ៍ផ្សារ២គ្រឿង ម៉ូទ័រឆាប១គ្រឿង ម៉ូទ័រស្វាន១គ្រឿង ដើម្បីយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ៕