(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ជិត៣០០គ្រួសារហើយ បានអញ្ជើញទៅបើកមូលប្បទានបត្រ (សែក) នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងប្រាក់សុទ្ធ ១០០ដុល្លារ រួមទាំងអំណោយមួយចំនួនទៀត បន្ទាប់ពីពួកគេបានរុះរើសម្ភារចេញ ពីលំនៅដ្ឋានរួចរាល់។
បើតាមការបញ្ជាក់របស់មន្រ្តីក្រសួងដែនដី មានប្រជាពលរដ្ឋចំនួន២៩៩គ្រួសារហើយ បានចាកចេញ និងទទួលបានសំណង។ ការរើសម្ភារនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ រស់នៅអគារប៊ូឌីញ «ស» ព្រមព្រៀងលក់អគាររបស់ពួកគេ ក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើពិធីជប់លៀងជូនប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ដោយការហូបនំបញ្ចុកប្រមាណ ២តោន យ៉ាងអធឹកអធ័ម នៅក្បែរអគារប៊ូឌីញផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន៤៩៣គ្រួសារ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ ប្រមាណ៧០-៨០លានដុល្លារអាមេរិក៕