(ព្រះសីហនុ)៖ បន្ទាប់ពីទទួលបានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ទោ ញាន សារឿន នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈ ដឹកនាំកងកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមកន្លែងលក់ដូរផ្សេងៗ ក្នុងក្រុងព្រះសីហនុ ដែលលក់បំពានចិញ្ចើមថ្នល់សាធារណៈ។
ការលក់ដោយបំពានរបស់ក្រុមអាជីវករនេះ បណ្តាលឲ្យបាត់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍ ធ្វើឲ្យអ្នកបើកបរ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ តែងតែធុញទ្រាន់ ត្អូញត្អែរ មានដូចជា តាមវិថីផែ វិថីឯករាជ្យ និងផ្សារតូចៗ តំបន់ឃ្លាំងលើ សង្កាត់លេខ១។
លោកវរសេនីយ៍ទោ ញាន សារឿន បានបញ្ជាក់ថា ទីកន្លែងលក់ដូរបំពានចិញ្ចើមផ្លូវសាធារណៈខាងលើ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ តែងតែរំលឹកដាស់តឿន ឲ្យសមត្ថកិច្ចជំនាញយកទុកដាក់កែលម្អ ទី១៖បញ្ចៀសការកកស្ទះចរាចរណ៍ និងបង្ការកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ, ទី២៖កែលម្អសោភ័ណភាពទីក្រុងទេសចរណ៍ និងទី៣៖កាត់បន្ថយការធុញទ្រាន់របស់អ្នកធ្វើដំណើរឆ្លងកាត់។
ជាមួយគ្នានោះ លោកនាយការិយាល័យសណ្តាប់ធ្នាប់សាធារណៈ បានសំណូមពរយ៉ាងទទូច សុំឲ្យប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ មេត្តាយោគយល់ សូមកុំលក់បំពានចិញ្ចើមផ្លូវសាធារណៈ ដើម្បីសោភ័ណភាព ទីក្រុងទេសចរណ៍របស់យើងទាំងអស់គ្នា៕