(ភ្នំពេញ)៖ កម្ពុជា-វៀតណាម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានរៀបចំប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូត និងបាន​ប្ដេជ្ញារក្សារឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសក្នុងយុគសម័យ សាកលភាវូបនីយកម្មនាសត្សរ៍ទី២១ នេះ។

ការរៀបចំការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតនេះ នឹងផ្ដល់វិភាគកទានដ៏មានតម្លៃដល់អ្នកចូលរួម ដែលមានបំណងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការវិស័យសង្គមវប្បធម៌ និងកិច្ច​សហប្រតិបត្តិការក្នុងការទាញយកប្រយោជន៍ និងការប្រើប្រាស់នូវធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្ដភាព រវាងកម្ពុជា និងវៀតណាម។

ខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាមនេះប្រព្រឹត្តរយៈពេលកន្លះថ្ងៃ ដោយមានការចូលរួមពីសំណាក់លោកស្រី ជូ ប៊ុនអេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធានវិទ្យាស្ថានសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យ សភាវិទ្យាសាស្រ្ដសង្គមវៀតណាម ព្រមទាំងភ្ញៀវកិតិ្តយសជាច្រើនរូបទៀតផងដែរ។

លោកស្រី ជូ ប៊ុនអេង បានថ្លែងឲ្យដឹងថា «រយៈពេល៥០ឆ្នាំ នៃទំនាក់ទំនងការទូតកន្លងមកនេះ ប្រជាជាតិយើងទាំងពីរសុទ្ធតែមាន​ឆន្ទៈក្នុងការពង្រឹងពង្រីកចំណងសាមគ្គីភាព ភាតរភាព ក្នុងនាមជាអ្នកជិតខាងល្អ ដោយមានការសហការគ្នា និងជួយយកអាសា គ្នាក្នុងគ្រាមានគ្រោះភ័យ»

លោកស្រីបានថ្លែងបន្ដទៀតថា នេះគឺជាការបំផុសបង្ហាញឲ្យឃើញនូវភាពចាំបាច់ដែលកម្ពុជា-វៀតណាម ត្រូវតែបន្ដរក្សា និងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំ ជាពិសេសក្នុងយុគសម័យសាកលភាវូបនីយកម្ម​នាសតវត្សរ៍ទី២១នេះ ប្រសើបើគ្នានទំនាក់ទំនងល្អពីអ្នកជិតខាងទេនោះ យើងក៏ពិបាកប្រកួតប្រជែងជាមួយបណ្ដាប្រទេសលើ​សកលលោកដែរ។

ការប្រារព្ធខួបនេះឡើង ក្នុងពេលដែលកម្ពុជា មានសុខសន្ដិភាព មានការរីកចំរើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ទន្ទឹមនឹងការរីកចំរើននេះ ប្រជាជនកម្ពុជាមានប្រពៃណីល្អ ក្នុងទំនាក់ទំនងជាមួយប្រជាជាតិនានា ក៏កាន់តែមានឆន្ទៈក្នុងការរឹតចំណង ទាក់ទង ជាមួយប្រទេសជិតខាង ពិសេសកម្ពុជា-វៀតណាមដែលយើងនៅតែ បន្ដពង្រឹងកិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍសម្រាប់ ប្រជាជាតិនៃប្រទេសទាំង២។

នាឱកាសនេះផងដែរ យើងក៏មានវាគ្មិននិងអ្នកចូលរួមជាសាស្រ្ដាចារ្យ បណ្ឌិត អ្នកសិក្សាស្រាវជ្រាវរបស់កម្ពុជា និងវៀតណាម នឹង​ធ្វើបទបង្ហាញ ពិភាក្សាផ្លាស់ប្ដូរ យោបល់ អំពីទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការវប្បធម៌ សង្គមរវាងកម្ពុជា-វៀតណាម និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយចីរភាព ដែលទាំងអស់នេះ គឺដើម្បី បន្ដការចងចាំនិងលើកកម្ពស់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឲ្យបានគង់វង្សជានិរន្ដរ៍៕