(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្រកាសសម្ពោធផលិតផល Loan Assure ការពារប្រាក់កម្ចី ដែលផ្តល់ដំណោះស្រាយដ៏សាមញ្ញ ក្នុងតម្លៃសមរម្យ តាមរយៈការធានាថាប្រាក់កម្ចី នឹងត្រូវទូទាត់សងទៅឲ្យស្ថាប័នផ្តល់ប្រាក់កម្ចីវិញ ក្នុងករណីអកុសលដែលអតិថិជនឥណទានទទួលមរណភាព ឬមានពិការភាពទាំងស្រុង និងអចិន្ដ្រៃយ៍* ។
ការខ្ចីប្រាក់យ៉ាងសមរម្យ និងប្រុងប្រយ័ត្ន ជាមូលដ្ឋានគ្រឹះមួយ នៃការរៀបចំផែនការហិរញ្ញវត្ថុ និងគ្រប់គ្រងលុយកាក់ដោយត្រឹមត្រូវ សម្រាប់ក្រុមគ្រួសារ និងបុគ្គលគ្រប់រូប ហើយការខ្ចីប្រាក់ ផ្តល់ឲ្យអ្នកខ្ចីនូវសាច់ប្រាក់បន្ថែម សម្រាប់យកទៅធ្វើការវិនិយោគអចលនទ្រព្យ អាជីវកម្ម ឬទិញយានយន្តដើម្បីធ្វើដំណើរទៅធ្វើការ ឬទៅសាលារៀន ។
ជារៀងរាល់ថ្ងៃ ប្រជាជននៅទូទាំងប្រទេសកម្ពុជា និងគ្រប់ស្រទាប់វណ្ណៈ បាននិងកំពុងខ្ចីប្រាក់ពីស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានអាជ្ញាប័ណ្ណ និងកិត្តិស័ព្ទល្អ ដើម្បីចាប់ផ្តើមអាជីវកម្មថ្មី ឬសាងសង់ផ្ទះក្នុងក្តីសុបិនរបស់ពួកគាត់ ទោះជាយ៉ាងនេះក្តី ការគិតគូរដល់ការខ្ចីប្រាក់ និងត្រូវជំពាក់បំណុលគេ អាចមានភាពតានតឹងយ៉ាងខ្លាំងសម្រាប់មនុស្សជាច្រើន ។ ចំណុចព្រួយបារម្ភដ៏ធំមួយ គឺគាត់ខ្លាចថា ប្រសិនបើមានគ្រោះអកុសលអ្វីមួយកើតឡើងដល់ម្ចាស់កម្ចីនោះ ក្រុមគ្រួសាររបស់គាត់ អាចនឹងត្រូវជាប់បន្ទុកជាមួយ បំណុលដែលពិបាកនឹងសង ។
លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានឲ្យដឹងថា «បេសកកម្មសំខាន់មួយរបស់ក្រុមហ៊ុន ព្រូដិនសល គឺការផ្តល់ជូននូវផលិតផល ដែលអនុញ្ញាតឲ្យអតិថិជនរបស់យើង រៀបចំផែនការ និងការពារអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ ហើយផលិតផល Loan Assure ការពារប្រាក់កម្ចី បន្តបំពេញបេសកកម្មនេះ តាមរយៈការផ្តល់ភាពទុកចិត្តថា បំណុលប្រាក់កម្ចីរបស់អតិថិជនយើង នឹងមិនក្លាយជាបន្ទុកដល់មនុស្សជាទីស្រឡាញ់របស់ពួកគាត់ឡើយ» ។
ផលិតផល Loan Assure ការពារប្រាក់កម្ចីនេះ ផ្តល់ជូនតែសម្រាប់អតិថិជនដែលខ្ចីប្រាក់ពីធនាគារ អេស៊ីលីដា ប៉ុណ្ណោះ ដែលជាធនាគារធំជាងគេបំផុតមួយនៅកម្ពុជា និងជាដៃគូសំខាន់មួយ របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាយូរមកហើយ ។ នៅពេលប្រាក់កម្ចីមួយត្រូវបានអនុម័តដោយធនាគារ អេស៊ីលីដា អតិថិជនអាចជ្រើសរើសទូទាត់បុព្វលាភរ៉ាប់រងតែមួយលើក ដើម្បីទទួលបានការការពារពីផលិតផល Loan Assure ការពារប្រាក់កម្ចី ដែលទំហំបុព្វលាភរ៉ាប់រងដែលត្រូវទូទាត់ អាស្រ័យទៅតាមទំហំទឹកប្រាក់នៃកម្ចី រយៈពេលទូទាត់ប្រាក់កម្ចី និងជម្រើសថាតើ គាត់ចង់ទទួលការការពារលើប្រាក់កម្ចីទាំងមូល ឬចំណែកប្រាក់នៅសល់ដែលត្រូវទូទាត់ ក្នុងករណីមានគ្រោះអកុសលកើតឡើងចំពោះរូបគាត់ជាម្ចាស់កម្ចី ។
លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ នៃធនាគារអេស៊ីលីដា បានមានលើកឡើងផងដែរថា «ផលិតផលថ្មី Loan Assure នេះ នឹងដើរតួនាទីជាមរតកទ្រព្យ ហើយក៏ជាការការពារ និងផ្តល់នូវដំណោះស្រាយដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងជាពិសេសលើកម្ចីឥណទាន ។ វត្តមាននៃផលិតផលថ្មីនេះ ជាការបង្ហាញពីការខិតខំប្រឹងប្រែងរិះរកនូវលទ្ធភាពនានា ក្នុងការអភិវឌ្ឍផលិតផលឥតឈប់ឈរ និងទាន់សម័យដើម្បីបំពេញបានតាមតម្រូវការរបស់អតិថិជន និងការប្រកួតប្រជែងផងដែរ» ។
ដើម្បីសម្រួលដំណើរការនេះបន្ថែមទៀត ធនាគារ អេស៊ីលីដា ក៏អាចបញ្ចូលថ្លៃបុព្វលាភរ៉ាប់រង សម្រាប់ផលិតផល Loan Assure ការពារប្រាក់កម្ចី ទៅក្នុងប្រាក់កម្ចីសរុប ដើម្បីធានាថា អតិថិជនអាចទូទាត់ប្រាក់កម្ចីសរុប តាមកាលវិភាគជាក់លាក់ និងសមស្របមួយ ៕