(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ យើងសង្កេតឃើញ​មានការបង្ហោះរឿង «សង្សារខ្ញុំក្រមុំកូនមួយ» នៅលើទំព័រហ្វេសប៊ុកជាច្រើន ដោយគ្មានការអនុញ្ញាត​ពីផលិតកម្ម «រេដ ភីចឈ័រ» និងក្រុមហ៊ុន «ពូព្រហ្ម»។ ឆ្លើយតបនឹង​ការបំពានកម្មសិទ្ធិ ស្នាដៃភាពយន្ត លោក ស៊ុ ស៊ីថែន អ្នកចាត់ការទូទៅ របស់ ក្រុមហ៊ុន «ពូព្រហ្ម» បានលើកឡើងថា​
​«ពូព្រហ្ម​ បានទិញសិទ្ធិចែកចាយ តាមអ៊ិនធើណេត​លើរឿង «សង្សារខ្ញុំក្រមុំកូនមួយ» ជាលក្ខណៈផ្តាច់មុ​ខជាច្រើនខែមកហើយ។ ការបង្ហោះភាពយន្ត​នេះទាំងមូល លើទំព័ររបស់ខ្លួន មកពី បណ្តាម្ចាស់អាជីវកម្មទាំងនោះ​ មិនទាន់យល់ពីច្បាប់​កម្មសិទ្ធិបញ្ញា និងផលវិបាកទោសទណ្ឌ ចេញពី​ការបំពានបែបនេះ​»។

​លោក ស៊ុ ស៊ីថែន បានបន្ថែមថា​ «ខ្ញុំដឹងថា ម្ចាស់គណនីទាំងអស់នោះ ប្រើរឿងទាំងអស់នោះ មិនមែនដើម្បីធ្វើអាជីវកម្ម ដោយផ្ទាល់ទេ តែគឺដើម្បីទាក់ទាញការចូលចិត្ត​ ដល់ទំព័ររបស់ពួកគាត់។ ដោយប្រយោល ពួកគាត់រំពឹងថា ​មុខរបរនឹងបង្កើនប្រជាប្រិយភាព និងលក់ផលិតផល និងសេវាបានច្រើន​»។

ដើម្បីពង្រឹងការគោរពកម្មសិទ្ធិបញ្ញា ឲ្យមានប្រសិទ្ធភាព មិនថាចំពោះរឿង «សង្សារខ្ញុំក្រមុំកូនមួយ» ឬរឿងខ្មែរដទៃទេ «ពូព្រហ្ម» ស្នើនូវវិធានការ ដែលទាមទារ ការសហការទាំងពី​ម្ចាស់អាជីវកម្ម ដែលប្រើទំព័រហ្វេសប៊ុក ដូចខាងក្រោម៖
-​ ម្ចាស់អាជីវកម្ម៖ ដក​នូវវីដេអូរឿងទាំងនោះចេញពីទំព័រខ្លួន ឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ការខកខានអនុលោម​តាមចំណាត់ការនេះ «ពូព្រហ្ម» មានសិទ្ធិប្តឹង​ទៅសមត្ថកិច្ច និងក្រុមហ៊ុនហ្វេសប៊ុក ឲ្យលុបទំព័រនោះចេញ។
-​ ទស្សនិកជន៖ រាយការណ៍ទៅហ្វេសប៊ុក ពីបទរំលោភសិទ្ធិមួយនេះ។ សម្រាប់អ្នកមិនហ៊ាន ឬមិនចេះរាយការណ៍ អាចគ្រាន់តែផ្ញើរូប (screenshot)ពីទំព័រមួយនោះ ចូលមក Inbox របស់​ទំព័រ​ហ្វេសប៊ុករបស់«ពូព្រហ្ម»​ នោះក្រុមការងារ«ពូព្រហ្ម» នឹងចាត់វិធានការ ដោយខ្លួនឯង និងដៃគូពាក់ព័ន្ធ។
​-​ សម្រាប់អ្នករាយការណ៍ដល់​«ពូព្រហ្ម» ក្រុមហ៊ុននឹងរក្សាឈ្មោះទុក ដើម្បីផ្តល់រង្វាន់ផ្សេងៗ មានដូចជា សំបុត្រចូលរួមទស្សនារឿង ដែលនឹងចែកចាយ ដោយ«ពូព្រហ្ម» ដោយឥតគិតថ្លៃ ចំនួន៥រឿង។

គួររំឭកដែលថា កាលពីប៉ុន្មានខែមុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតព្រមានមួយ ដល់ទំព័រហេ្វសប៊ុកណា ដែលបង្ហោះស្នា​ដៃភាពយន្តអ្នកដទៃ ដោយគ្មានការអនុញ្ញាត ពីម្ចាស់ដើម។

គួរបញ្ជាក់ដែរថា «ពូព្រហ្ម» បានលក់សិទ្ធិចែកចាយ​តាមអ៊ិនធើណេតបន្ត លើរឿង «សង្សារខ្ញុំក្រមុំកូនមួយ»នេះ ទៅឲ្យក្រុមហ៊ុនក្នុង ស្រុកតែ២ប៉ុណ្ណោះ គឺ​ Jaikon TV និង Soyo។ ហើយក្រុមហ៊ុន ក៏​សូមថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្ម​មួយចំនួន ដែលយល់ព្រមដករឿងនោះ​ចេញភ្លាមៗ តាម​សំណូមពរ​របស់ក្រុមហ៊ុន​ ហើយ «ពូព្រហ្ម» នឹងបែរមកសហការ ជាមួយក្រុមហ៊ុនទាំងនោះ តាមរយៈរូបភាពយុទ្ធនាការ លើភាពយន្តថ្មីៗរបស់ខ្លួនវិញ។

ចុះប្រិយមិត្តវិញ ចង់ចូលរួមយុទ្ធនា​ការបង្ក្រាបការរំលោភសិទ្ធិ ដោយវិធីងាយៗនេះទេ?​