(បន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសារណៈ ស្តីពីការរកឃើញសារធាតុគីមី ហាមឃាត់ (propyl para hydroxy penzoate) ប្រើក្នុង ផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំរសជាតិ ប្រេងខ្យងម៉ាក Yuan's មានសារធាតុ គីមីសម្រាប់ថែរក្សាផលិតផល ឲ្យមានអាយុកាលវែងនោះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះធ្វើការ ស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ និងផ្សារត្រី ក្នុងក្រុងប៉ោយប៉ែត។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ បានធ្វើឡើងក្រោមការ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល។
លោកបានបញ្ជាក់ថា មន្រ្តីរបស់លោក បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដោយចុះទៅត្រួតពិនិត្យទំនិញទាំងនេះ នៅក្នុងផ្សារត្រីក្រុងប៉ោយប៉ែត និងតាមម៉ាតចំនួន២គឺ ម៉ាតស៊ីវីល័យ និងម៉ាត ស៊ីវ សុជាតិដា ប៉ុន្តែជាលទ្ធផលរកមិនឃើញទំនិញដែលមានសារធាតុគីមីទាំងនេះទេ។
ជាមួយគ្នានេះមន្ត្រីកាំកុងត្រូលខាងលើ បានអំពាវនាវ ដល់បងប្អូនអាជីវករ ក៏ដូចជា ម្ចាស់ហាងស្តាម៉ាត មេត្តាយកចិត្ត ទុកដាក់ និងពិនិត្យផលិតផល ឲ្យបានច្បាស់លាស់មុន នឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋ ទិញយកទៅបរិភោគ ជាពិសេសនោះ ត្រូវចូលរួមសហការជាមួយមន្ត្រីកាំកុងត្រូល បើសិនមានជនណា ឬក៏ក្រុមហ៊ុនណា ហានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព និងហួសសុពលភាព និងមានជាតិគីមី មកលក់និងចែកចាយ សូមរាយការណ៍និងទាក់ទងមក មន្ត្រីកាំកុងត្រូលជាបន្ទាន់ដើម្បី ងាយស្រួលការចុះទប់ស្កាត់និងហាមឃាត់៕