(រតនគិរី)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានចូលរួមបើកវគ្គបំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី។
ពិធីនេះក៏មានការចូលរួមពី លោកវរសេនីយ៍ឯក Guillerm Michael (ហ្គីយៀម មីកាអែល) ទីប្រឹក្សាអាវុធហត្ថជាតិបារាំង អមបញ្ជាការដ្ឋានអាវុធហលើផ្ទៃប្រទេស និងយោធាចារ្យមកពីប្រទេសបារាំង ព្រមទាំងលោកប្រធានសាលាដំបូង, លោកព្រះរាជអាជ្ញា, លោកមេបញ្ជាការអាវុធហត្ថខេត្ត, សិក្ខាកាមមកពីអាវុធហត្ថរាជធានីភ្នំពេញចំនួន៥នាក់, កំពង់ចាម៣នាក់, ត្បូងឃ្មុំ៣នាក់, ក្រចេះ៣នាក់, មណ្ឌលគិរី៣នាក់, ស្ទឹងត្រែង៣នាក់ និងខេត្តរតនគិរី១៣នាក់។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ថា លោកមានក្តីសោមនុស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានគណអធិបតី និងគណប្រតិភូអមដំណើរទាំងអស់ ដែលបានផ្តល់កិត្តិយសសម្រាប់អង្គភាពអាវុធហត្ថខេត្តរតនគិរី ជាប្រធានគណៈគ្រប់គ្រងវគ្គ។
សូមបញ្ជាក់ថា វគ្គបំប៉ននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រឆ្នាំ២០១៧នេះ មានគ្រូឧទ្ទេសនាមយោធាចារ្យជំនាញមកពីប្រទេសបារាំង ដោយសិក្សាមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដោយផ្តោតសំខាន់ទៅលើខ្លឹមសារមេរៀនចំនួន៣ ដូចជាទី១៖ត្រួតពិនិត្យកន្លែងកើតហេតុ, ទី២៖ករណីអំពើលួច និងទី៣៖ករណីឃាតកម្ម និងរំលោភសេពសន្ធវៈ៕