(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិ តិសម្បទា និងប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូកកម្ពុជា ដើម្បីចូលរួមក្នុងសន្និសិទលើទី១០ នៃរដ្ឋជាភាគី អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ និងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ មិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។
លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាព ជនពិការ បានឲ្យដឹងនៅមុនពេលចេញដំណើរនៅឯអាកាសយាន្តដ្ឋានហោះហើរអន្តជាតិភ្នំពេញថា សន្និសិទលើកទី១០ នៃរដ្ឋាជាភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងប្រព្រឹត្តនៅក្រោមប្រធានបទ «ទសវត្សរ៍ទីពីរ នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ៖ ការដាក់បញ្ចូលនិងការ ចូលរួមយ៉ាងពេញលេញរបស់ជនពិការ និងអង្គការតំណាង របស់ពួកគេក្នុងការអនុវត្តអនុសញ្ញា»។ សន្និសិទនេះនិងមានការចូលរួមពីបណ្តាមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលនានាលើ ពិភពលោកសរុបចំនួនប្រមាណ ១៦០ប្រទេស។
បើតាមអ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា សន្និសិទនេះក៏នឹងមាន ការអញ្ជើញចូលរួមពីសំណាក់លោក ទុយ រី អគ្គរាជទូតដំណាងអចិន្រ្តៃនៃស្ថានបេសកកម្មរបស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាតិ និងលោក សួង ម៉ងឡុង អគ្គនាយកនៃអគ្គនាយដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួង សង្គមកិច្ច ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈ សំខាន់នេះផងដែរ។
លោក ឯម ច័ន្ទមករា បានបន្ថែមទៀតថា សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗរួមមាន៖
១៖ ដើម្បីពិភាក្សាអំពីការដោះស្រាយ ផលប៉ះពាល់ នៃការរើសអើងច្រើនលើជនពិការនិងការលើកកម្ពស់ការចូលរួម និងភាពជាដៃគូពហុភាគីពាក់ព័ន្ធរបស់ ពួកគេសម្រាប់ការសម្រេចបាននូវគោលដៅសហសវត្ស ដែលមានភាព ស្របគ្នាជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ។
២៖ ការដាក់បញ្ចូលនិងការចូលរួមយ៉ាងពេញលេញរបស់ជនពិការក្នុងសកម្មភាពមនុស្សធម៌ ។
៣៖ ការលើកកម្ពស់កាអភិវឌ្ឍក្នុងការបញ្ចូលគ្នា និងការអនុវត្ត នៃរបៀបវារៈទីក្រុងថ្មី Habitatlll ។
គួរបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និងបានចូលជាធរមាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ។ ក្រៅពីអនុសញ្ញាសិទ្ធិជនពិការប្រទេស កម្ពុជាក៏ប្រទេស សហត្ថលខី នៃទស្សវត្សជនពិការប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក យុទ្ធសាស្រ្តអ៊ីនឈាន់ ធ្វើឲ្យ សិទ្ធិក្លាយជាកាពិតផងដែរ ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជន នៅឆ្នាំ២០០៩និង បានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ដែលបាន បង្ហាញពីការគាំទ្រនិង យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៕