(ភ្នំពេញ)៖ ជនបង្កដែលបើករថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 បុកគេ និងបាញ់ប្រហារដើម្បីគំរាមពលរដ្ឋនៅតាមដងផ្លូវដែលបង្កឲ្យមានការ ភ្ញាក់នោះ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងនគរបាលនាំខ្លួនទាំងមនុស្ស និងរថយន្ដពីក្រសួងមហាផ្ទៃ មកដល់ការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញហើយ ដើម្បីដោះស្រាយជាមួយជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។
ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះជនបង្កត្រូវបាននាំមកដល់ ការិយាល័យចរាចរណ៍ក្រុងហើយ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ ពីក្រសួងមហាផ្ទៃទាំងរថយន្ដ និងមនុស្ស ដើម្បីដោះស្រាយតាមច្បាប់»។
នាយឧត្តមសេនីយ៍ បានរំលឹកថា ក្រោយពេលកើតហេតុឪពុកជនបង្ក ដែលជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនោះ បានឃើញព័ត៌មានបែបនេះតាម Fresh News ក៏បានសហការជាមួយសមត្ថកិច្ចក៏ហៅកូនប្រុសរបស់ខ្លួន ឲ្យប្រគល់ខ្លួនជូនសមត្ថកិច្ចរួមជាមួយរថយន្ដ ដើម្បីដោះស្រាយជាមួយជនរងគ្រោះតាមច្បាប់ និងចាត់ការតាមនីតិវិធី។
ជាថ្មីម្ដងទៀត នាយឧត្តមសេនីយ៍ ជួន សុវណ្ណ តាមរយ:បណ្តាញព័ត៌មាន Fresh News សូមអំពាវនាវដល់ជនរងគ្រោះជាម្ចាស់រថយន្ត ដែលរងការបើកបុក និងបាញ់ប្រហារពីជនបង្ក ឲ្យចូលមកបង្ហាញខ្លួននៅព្រឹកនេះដើម្បីដោះស្រាយបញ្ហា។
សូមបញ្ជាក់ថា ជុំវិញករណីកូនប្រុសមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូប ដែលជាម្ចាស់រថយន្តស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមទៀតនោះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានសង្កត់ធ្ងន់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះថា បើទោះជននោះជាមន្រ្តីអនុវត្តច្បាប់ក៏ដោយ បើប្រព្រឹត្តអំពើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «អំពើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ទោះជននោះជាមន្ត្រីអនុវត្តច្បាប់ក៏ដោយ»។
ម្ចាស់រថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាម គឺមានតួនាទីជានាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ។
សូមជំរាបថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី មានករណីដ៏សាហាវមួយបានកើតឡើងនៅ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ ដោយរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង ក្នុងទិសដៅស្របគ្នា បានជិះវ៉ាខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀតមិនព្រមឈប់ បែរជាបង្អង់ល្បឿន បើកញ្ចក់រថយន្តបាញ់មួយគ្រាប់គម្រាម និងបើករត់គេចខ្លួនបាត់៕