(ភ្នំពេញ)៖ ដោយមានការស្រឡាញ់ និងយកចិត្តទុកដាក់លើកុមារនៅកម្ពុជា អ្នកវិនិយោគិនរួមនិងតារាចម្រៀង-សម្តែង បានចាប់ដៃគ្នាសហការបង្កើតកម្មវិធីមួយ ដោយបាននាំក្មេងៗជិត១០០នាក់ មកពី២អង្គការផ្សេងគ្នា មកនាំអាហារថ្ងៃត្រង់ ក៏ដូចជាភ្លក់នូវរសជាតិថ្មីការ៉េមមកពីប្រទេសកូរ៉េ ដែលទើបនិងនាំចូលមក ហើយកម្មវិធីបង្កើតឡើង ក្នុងន័យមនុស្សធម៌ ក៏ដូចជាខ្វល់ខ្វាយរួមនិងក្តីស្រឡាញ់ លើកុមារនៅកម្ពុជានៅតាមអង្គការ ដែលគ្មានលទ្ធភាពហូបអាហារបែបបរទេស នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។
កម្មវិធីញុំាអាហារថ្ងៃត្រង់នេះ ក៏មានការចូលរួមពី តំណាងម្ចាស់ហាង កញ្ញា ហ៊ាង សុគន្ធលីនណា អ្នកចាត់ការទូទៅហាង XIGNATURE CLUB AND MILK COW រួមនិងតារាចម្រៀង (Original Song) លោក Jimmy Kiss, លោក សូរិយា រួមនិងកញ្ញា ហង្ស ម៉ារ៉ានី តារាសម្តែង និងជាយុវជនគំរូរបស់កម្ពុជា ក្នុងការធ្វើសកម្មភាពសប្បរសធម៌នានានៅកម្ពុជា កម្មវិធីនេះ ធ្វើឡើងនៅ XIGNATURE CLUB AND MILK COWផ្ទះលេខ១០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង ខណ្ឌចំការមន ភ្នំពេញ។
ក្នុងឱកាសនោះ អ្នកចាត់ការទូទៅ កញ្ញា ហ៊ាង សុគន្ធលីនណា បានលើកឡើងថា «ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីចង់ឲ្យក្មេងៗ នៅតាមអង្គមួយចំនួនមកញុំាអាហារ និងការ៉េម(Milk Cow) របស់យើងខ្ញុំ ព្រោះអីក្មេងៗកំព្រា នៅតាមអង្គការ ពួកគាត់ពុំទាន់មានលទ្ធភាពញ៉ាំអាហារនិងការ៉េម ដែលនាំចូលពីប្រទេសកូរ៉េ បែបនេះនៅឡើយទេ ហើយ ក្មេងៗទាំងអស់មានចំនួនជាង៩០នាក់»។
នាងបន្ថែមថា «ខ្ញុំពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ដោយឃើញពួកគាត់ញ៉ាំអាហារយ៉ាងឆ្ងាញ់ពិសារ ហើយលើសពីនេះ នាងខ្ញុំនឹងមានគម្រោងហៅពួកគាត់មកជាលើកក្រោយទៀត ដោយភ្ជាប់ជាមួយ និងកាដូជូនពួកគាត់ទៀតផង»។
ក្រៅពីញ៉ាំអាហារថ្ងៃត្រង់ នៅកម្មវិធីនោះក៏មានកម្មវិធីច្រៀងលេងសប្បាយជាមួយក្មេងៗ មកពីតាមអង្គការផងដែរ ដោយមានការច្រៀងផ្ទាល់ពីសំណាក់ លោក Jimmy Kiss និងលោក សូរិយា ដែលសុទ្ធសឹងតែជាតារាចម្រៀងល្បីផ្នែក Original Song រួមនិងការថតរូបជាអនុស្សាវរីយ៍ផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ សម្រាប់ការងារមនុស្សធម៌បែបនេះ របស់ហាង XIGNATURE CLUB រួមនិងតារាសម្តែង ហង្ស ម៉ារ៉ានី និងតារាចម្រៀងផ្សេងទៀត ហើយទង្វើទាំងអស់នេះបង្ហាញពីក្តីស្រឡាញ់ របស់អ្នកវិយោគិនលើកុមារ កំព្រានៅតាមអង្គការ ដែលពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ដូចកុមារ នៅតាមផ្ទះដែលមាន លទ្ធភាពគ្រប់គ្រាន់ផងដែរ៕