(សៀមរាប)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិ ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ (Conserving and Presenting Urban Heritages)»។ រួមទាំងកិច្ចប្រជុំសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និង សន្និសីទអន្តរជាតិ លើកទី១ ស្តីពីទេសចរ ណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ ក្រោមកិច្ចសហការរួមគ្នារវាងលេខាធិការដ្ឋាន ACD ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការ UNESCO នាពេលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូ នៃវិស័យទេសចរណ៍ និងវប្បធម៌ មកពី២២ប្រទេស និងមានវាគ្មិនជាតិ និងអន្តរជាតិល្បីៗ អ្នកស្រាវជ្រាវ សិស្សនិស្សិតទាំងអស់ សរុបជាង ១ពាន់នាក់។
កម្មវិធីនេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗគឺ៖
១. កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ និងកិច្ចប្រជុំថ្នាក់មន្ត្រីទេសចរណ៍ ACD ប្រព្រឹត្តទៅ ៖
• នៅថ្ងៃទី១១ខែមិថុនា គឺជាកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ទេសចរណ៍។
• ព្រឹកថ្ងៃទី១២ ខែមិថុនានេះ គឺ ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយ និរន្តរភាព និងទីក្រុងបេតិកភណ្ឌ ដែលទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
• រសៀលថ្ងៃទី ១២ ខែមិថុនា គឺកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២។
២. សន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ៖
• ថ្ងៃទី១៣ ខែមិថុនា៖ កម្មវិធីដំណើរទស្សនកិច្ចសិក្សាសម្រាប់គណៈប្រតិភូ (Technical Tour) ទៅកាន់ខេត្តបាត់ដំបង គឺក្នុងគោលបំណងដាក់បញ្ចូលករណីសិក្សាអំពីទីក្រុងទេសចរណ៍ បេតិកភណ្ឌ ដោយផ្អែកលើមូលដ្ឋានសំណង់អគារប្រវត្តិសាស្ត្រ និងវប្បធម៌ជាកត្តាទាក់ទាញទេសចរណ៍ របស់ក្រុងបាត់ដំបង ក្នុងរបៀបវារៈការពារ និងអភិរក្សទីក្រុង និងដើម្បីទទួលបានអនុសាសន៍ណែនាំ និងធាតុចូលសំខាន់ៗ បន្ថែមទៀត ឈានឆ្ពោះទៅការត្រៀមលក្ខណៈជាស្រេចរបស់ក្រុងបាត់ដំបងក្នុងបែបបទដាក់បញ្ជូលក្នុងបេតិកភណ្ឌ ពិភពលោកនៃអង្គការយូណេស្កូ នាពេលអនាគត។
• ថ្ងៃទី១៤-១៥ ខែមិថុនា៖ កម្មវិធីបន្តនៃសន្និសីទអន្តរជាតិលើកទី១ស្តីពី ទេសចរណ៍ប្រកបដោយចិរភាព និងទីក្រុងបេតិកភណ្ឌ។
• រសៀលថ្ងៃទី១៥ ខែមិថុនា៖ពិធីបិទសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសសចរណ៍ប្រកបដោយចិរភាព និង ទីក្រុងបេតិកភណ្ឌ៕