(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ តាមរយ:បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ សូមអំពាវនាវដល់ជនរងគ្រោះជាម្ចាស់រថយន្ត ដែលរងការបើកបុក និងបាញ់ប្រហារពីជនបង្ក ឲ្យចូលមកបង្ហាញខ្លួននៅព្រឹកថ្ងៃស្អែក ដើម្បីដោះស្រាយបញ្ហា។
ការអំពាវនាវខាងលើនេះដោយសារតែ រហូតមកដល់ពេលនេះខាងភាគីជនរងគ្រោះ មិនទាន់បានដាក់ពាក្យបណ្តឹងនៅឡើយទេ ហើយខាងសមត្ថកិច្ចក៏មិនទាន់ អាចរកឃើញជនរងគ្រោះផងដែរ ចំពោះករណីនេះ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង ៨៖៣០នាទីព្រឹកស្អែក ខ្ញុំបានកោះហៅជនល្មើសមកចូលខ្លួនដោះស្រាយ ហើយក៏សូមឲ្យជនរងគ្រោះចូលមកស្នងការរាជធានីភ្នំពេញផងដែរ ដើម្បីទទួលសំណងរដ្ឋប្បវេណី និងដោះស្រាយតាមនីតិវិធីច្បាប់»។
សូមបញ្ជាក់ថា ជុំវិញករណីកូនប្រុសមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូប ដែលជាម្ចាស់រថយន្តស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាម ទៀតនោះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានសង្កត់ធ្ងន់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះថា បើទោះជននោះជាមន្រ្តីអនុវត្តច្បាប់ក៏ដោយ បើប្រព្រឹត្តអំពើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «អំពើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ទោះជននោះជាមន្ត្រីអនុវត្តច្បាប់ក៏ដោយ»។
ម្ចាស់រថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាម គឺមានតួនាទីជានាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ។
សូមជំរាបថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី មានករណីដ៏សាហាវមួយបានកើតឡើងនៅ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ ដោយរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង ក្នុងទិសដៅស្របគ្នា បានជិះវ៉ាខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀតមិនព្រមឈប់ បែរជាបង្អង់ល្បឿន បើកញ្ចក់រថយន្តបាញ់មួយគ្រាប់គម្រាម និងបើករត់គេចខ្លួនបាត់៕
(សកម្មភាពដូចនៅក្នុងវិដេអូខាងក្រោម)៖