(ប៉ារីស, បារាំង)៖ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលរៀបចំឡើងនៅការិយាល័យកណ្តាល នៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) នៅចុងសប្តាហ៍កន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសំណូមពរអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចែករំលែកគោលការណ៍ណែនាំជូនសមាជិកទាំងអស់ ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងថ្នាក់តំបន់ ឬ ផ្តួចផ្តើមដាក់បញ្ចូលលក្ខខណ្ឌពាណិជ្ជកម្មទៅក្នុងរូបភាពថ្មី ដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ក្នុងការធ្វើបច្ចុប្បន្នរបៀបវារៈពាណិជ្ជកម្ម ឬបង្កើនឱកាសជ្រៀតចូលទីផ្សារប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទាំងអស់។
« អង្គការ WTO គួរតែធានាការអនុវត្តសេចក្តីរាល់សម្រេចទាំងឡាយ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកមុន ឬ បើមិនដូច្នោះ សូមជួយដល់ប្រទេស LDCs ក្នុងការបកស្រាយលទ្ធផលពិត សម្រាប់ដៃគូរបស់យើង គីមិនមែនគ្រាន់តែបង្ហាញនៅលើក្រដាសនោះទេ! » លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
« ក្រុមប្រទេស LDCs សូមអរគុណចំពោះសមាជិកទាំងអស់ ដែលបានប្តេជ្ញាចិត្តគាំទ្រកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដំណាក់កាលទី២ ដែលមានសារៈសំខាន់ចំពោះអង្គការ WTO ក្នុងការពន្លឿនរបៀបវារៈពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចពិភពលោក ដូច្នេះគ្មានសមាជិកណាមួយអន់ថយឡើយ» លោករដ្ឋមន្ត្រី បានបន្ថែម។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលការងារ ដែលក្រុមប្រទេស LDCs សម្រេចបាន និងកំពុងបន្តអនុវត្តន៍សំដៅឆ្ពោះទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១១ ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សីនទីន នាចុងឆ្នាំ ២០១៧នេះ ដូចជា៖ វិស័យកសិកម្ម, វិស័យសេវាកម្ម, ការនំាចេញដោយមិនជាប់ពន្ធ និងមិនកំណត់កូតា, ការឧបត្ថម្ភធនលើវិស័យជលផល, ការវិនិយោគ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។
សូមបញ្ជាក់ថា ប្រធានបទនៃកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីឆ្នាំនេះគឺ« ធ្វើឲ្យសកលភាវូបនីយកម្មដំណើរការ៖ ការរស់នៅប្រសើរសម្រាប់ទាំងគ្នា»។ កិច្ចប្រជុំនេះ ដឹកនាំដោយប្រទេសដាណឺម៉ាក និងសម្របសម្រួលដោយប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស ក្រោមការចូលរួមពីប្រទេសសមាជិកអង្គការ OECD និងអង្គការ WTO ចំនួន ៣១ ក្នុងគោលបំណងពិភាក្សាស្វែងរកគោលនយោបាយរួម ដែលអាចជំរុញសាកលភាវូបនីយកម្មប្រកបដោយបរិយាប័ន និងឆ្លើយតបកង្វល់របស់ប្រជាជនលើពិភពលោក ដែលបានលើកឡើងថាសាកលភាវូបនីយកម្មមិនអាចផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងអស់គ្នា៕