(កោះកុង)៖ គូស្នេហ៍វ័យក្មេងមួយគូបានស្លាប់បត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរដ៏រន្ធត់ពេលកំពុងធ្វើដំណើរត្រឡប់ពីខេត្តកោះកុង មករាជធានីភ្នំពេញ ខណៈមនុស្ស ៥នាក់ផ្សេងទៀតបានរងរបួស។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ នៅលើផ្លូវជាតិលេខ៤៨ ក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

មន្រ្តីនគរបាលចរាចរណ៍ខេត្តកោះកុង បានឲ្យដឹងថា នៅមុនកើតហេតុគូស្នេហ៍វ័យក្មេង រួមនិងមនុស្សមួយចំនួនទៀត បានជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AH:8152 ធ្វើដំណើរពីកោះកុង មកភ្នំពេញ។ ​លុះដល់ចំណុចកើតហេតុដែលផ្លូវកោងខ្លាំង ក៏បានបុកគ្នាជាមួយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 2Y:0453 បណ្តាលឲ្យរថយន្តហាយឡែនឌ័រធ្លាក់ទឹកក្នុងទំនប់បណ្តាលឲ្យគូស្នេហ៍វ័យក្មេងបានស្លាប់ និងរងរបួសធ្ងន់ ៥នាក់ ក្នុងនោះម្នាក់ជានារី។

ក្រោយពេលកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯគូស្នេហ៍ដែលស្លាប់បាត់បង់ជីវិត ត្រូវសមត្ថកិច្ចរៀបចំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា គូស្នេហ៍ដែលជួបគ្រោះអកុសលនេះ ខាងប្រុសមានឈ្មោះ មាស វីរ័ត្ន ជាមន្រ្តីនគរបាលទើបប្រឡងជាប់ថ្មីថ្មោង រីឯភាគីខាងនារីវិញ មានឈ្មោះ ជា ស្រីទូច។ ប្រភពបានបញ្ជាក់ដែរថា ពួកគេជាគូស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំងណាស់៕