(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃអាទិត្យនេះថា ម្ចាស់រថយន្តស្លាកលេខភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាម នឹងចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃស្អែកទី១២ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបញ្ជាឲ្យមន្រ្តីរបស់លោក ទៅហៅជនដៃដល់មកសាកសួរ។
ម្ចាស់រថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាម គឺមានតួនាទីជានាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយស្រាវជ្រាវឃើញអត្តសញ្ញាណ ជនល្មើសជាម្ចាស់រថយន្ត ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមគេនោះ, ភ្លាមៗលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះស្វែងរកចាប់ខ្លួនជនល្មើស ដែលមានផ្ទះនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពេលកម្លាំងសមត្ថកិច្ចរបស់លោក ទៅដល់ផ្ទះជនល្មើស គឺរូបគេមិននៅផ្ទះឡើយ ពោលគឺបានគេចខ្លួនបាត់។
សូមជំរាបថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី មានករណីដ៏សាហាវមួយបានកើតឡើងនៅ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ ដោយរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង ក្នុងទិសដៅស្របគ្នា បានជិះវ៉ាខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀតមិនព្រមឈប់ បែរជាបង្អង់ល្បឿន បើកញ្ចក់រថយន្តបាញ់មួយគ្រាប់គម្រាម និងបើករត់គេចខ្លួនបាត់។
យោងតាម Facebook មួយដែលទំនងជាមិត្តភក្តិរបស់ជនរងរគ្រោះ បានបង្ហោះទាំងវិដេអូ និងខ្លឹមសារយ៉ាងដូច្នេះថា៖ «ប្អូនស្រីម្នាក់កំពុងបើករថយន្ត ត្រូវជនដៃដល់ជែងរថយន្តមកប៉ះហើយបាញ់មួយគ្រាប់គំរាម នឹងរត់បាត់ស្រមោលដោយសុវត្តិភាព ខណៈនេះគាត់មានការភ័យខ្លាចណាស់ គាត់ស្នើសុំឲ្យខ្ញុំជួយបង្ហោះដើម្បីរកយុត្តិធម៌ជូនគាត់សម្ដីគាត់។ នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ មានឡានបាឡែនពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AM-2762 មួយគ្រឿងបើកបរដោយជនមិនស្គាល់មុខ ទិសដៅស្របគ្នា បានជិះមកវ៉ាខាងស្តាំដៃហើយបុកកញ្ចក់ឡានខ្ញុំ ពេលនោះខ្ញុំបានជិះតាមហើយស៊ីផ្លេឲ្យគាត់ឈប់ដោះស្រាយ តែឡាននោះបែរជាបង្អង់ល្បឿន បើកកញ្ចក់ឡាន ហើយបាញ់មួយគ្រាប់បំរុងសម្លាប់តែម្តង សំណាងហើយដែលមិនត្រូវ បន្ទាប់មកឡាននោះក៏អែបស្តាំហើយអ្នកបើកបរចេញមកក្រៅកាន់កាំភ្លើងជាប់នឹងដៃរងចាំឡានពួកខ្ញុំដែរ អែបស្តាំឈប់នៅក្រោយឡានរបស់ជនបង្កហេតុ ដោយសារតែភាពភ័យខ្លាចពេក ពួកខ្ញុំក៏បកឡានថយក្រោយដើម្បីរកទីតាំងសុវត្ថិភាព គ្រប់សកម្មភាពទាំងអស់មាននៅក្នុងកាមេរ៉ាសុវត្ថិភាពជាភស្តុតាង ហេតុអ្វីជីវិតមនុស្សនៅស្រុកខ្មែរពិតជាគ្មានតំលៃមែនទេ? «បើចាប់មិនបានទៀត ឈប់ធ្វើប៉ូលីសហើយទៅធ្វើស្រែចុះ»៕