(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ និងស្វែងរកឃាត់ខ្លួន ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធករណីចោរកម្ម (ឆក់កាបូបជនបរទេស) វេលាម៉ោង៧៖៣០នាទីយប់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកែងផ្លូវបេតុងបុរីគុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូកង់បី រីឯជនសង្ស័យជិម៉ូតូម៉ាកស្កុបពី ធ្វើសកម្មភាពឆក់តែម្តង។
ក្រោយពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ២ បានធ្វើការស្រាវជាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ការឃាត់ខ្លួន បានជនសង្ស័យចំនួន៣នាក់ ជាបន្តបន្ទាប់៖
១៖ ឈ្មោះ ណែម ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ខោអាវ មានទីលំនៅម្តុំ អិលវី ក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
២៖ ឈ្មោះ សឿង សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មើលផ្ទះឲ្យគេ មានទីលំនៅម្តុំ អិលវី ក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៣៖ ឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មើលផ្ទះឲ្យគេ មានទីលំនៅ ក្រុម៣ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកនៅសល់ជនសង្ស័យម្នាក់ទៀត ដែលជាជនដៃដល់ ឈ្មោះ ធុន ប៊ុនហុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកហាងយូតូភា ស្នាក់នៅផ្ទះជួលម្តុំ ក្រោយពេទ្យ ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បានរត់គេចខ្លួន។
ជនរងគ្រោះមានគ្នា២នាក់៖ ១៖ ឈ្មោះ LITVINOVA VIOLETTA ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិអ៊ុយក្រែន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខ FF៧១៤២៣២ ស្នាក់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ២៖ ឈ្មោះ TERENTYEVA YULIYA ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិអ៊ុយក្រែន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខ FE០៧៣០២៩ ស្នាក់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់រួមមាន៖ កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១, កាបូបដៃ ពណ៌ខ្មៅ ចំនួន០១, លិខិតឆ្លងដែន០២ច្បាប់, ទូរស័ព្ទដៃម៉ាក អាយហ្វូនសិច ពណ៌ស ចំនួន០១គ្រឿង, លុយចំនួន២០០ដុល្លារ, សំបុត្រយន្តហោះ ចំនួន០២សន្លឹក, កាតធនាគារ និងកាតបញ្ចុះតម្លៃមួយចំនួន និងឯកសារមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បាន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន០១ ក្នុងនោះមានឯកសារមួយចំនួន, សំបុត្រយន្តហោះ ចំនួន០២សន្លឹក, លិខិតឆ្លងដែន ០២ច្បាប់, កាបូបដៃពណ៌ខ្មៅចំនួន០១ ក្នុងនោះមានកាតធនាគារ និងកាតបញ្ចុះតម្លៃមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ដើម្បីស្វែងរកបក្ខពួករបស់គេដែលរត់គេចខ្លួន និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។ ចំណែកសម្ភារ និងកាបូប ត្រូវបានប្រគល់ជូនជនបរទេស ទាំង២នាក់នោះវិញ៕