(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត (Emirates) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់ពិភពលោក នឹងផ្តល់នូវតម្លៃសំបុត្រ ធ្វើដំណើរពិសេសពីទីក្រុងភ្នំពេញ ទៅទីក្រុងយ៉ាងហ្គូន ទីក្រុងឌូបៃ និងទីក្រុងជាច្រើនទៀត នៅទ្វីបអឺរ៉ុប ដែលស្ថិតក្នុងក្របខណ្ឌបណ្តាញទូទាំងពិភពលោករបស់ក្រុមហ៊ុនជាង១៥០ទិសដៅ។

ការផ្តល់ឱកាសពិសេសជូនអតិថិជន របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត បានធ្វើឡើង មុនពេលចាប់ផ្តើមបើកសេវាហោះហើរថ្មីដំបូងនៅកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Emirates បានឲ្យដឹងថា តម្លៃពិសេសនេះ សម្រាប់ការធ្វើដំណើរទៅទីក្រុងយ៉ាំងហ្គូន ទីក្រុងឌូបៃ និងទីក្រុងផ្សេងៗ និងអាចកក់សំបុត្រ បានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ ការផ្តល់ជូននេះមាន សុពលភាពសម្រាប់ ការធ្វើដំណើរ ចាប់ពីថ្ងៃទី ០១ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

* តម្លៃសំបុត្រចាប់ពី២៥៦ដុល្លារសម្រាប់ទិសដៅ ទៅទីក្រុងយ៉ាំងហ្គូន។

* តម្លៃសំបុត្រ ៥២២ដុល្លារ ទៅកាន់ទីក្រុងឌូបៃ។

* តម្លៃសំបុត្រ ៦៧០ដុល្លារ ទៅកាន់អឺរ៉ុប។
Emirates នឹងចាប់ផ្តើមហោះហើរពីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ជាមួយយន្តហោះប្រភេទ Boeing 777-200LR ដែលមានថ្នាក់ពីរប្រភេទ។ Emirates នឹងក្លាយជាក្រុមហ៊ុន អាកាសចរណ៍តែមួយគត់ ដែលប្រើយន្តហោះ Boeing 777 ទៀងទាត់ សម្រាប់អ្នកដំណើរឆ្ពោះ មកកាន់រាជធានីភ្នំពេញ។

សេវាហោះហើរថ្មីនេះ នឹងប្រតិបត្តិការជាមួយជើងហោះហើរលេខ EK 388 ដោយចាកចេញពីព្រលានយន្តហោះអន្តរជាតិ ទីក្រុងឌូបៃ (DXB) នៅម៉ោង០៩៖១៥នាទី ម៉ោងក្នុងស្រុក មកដល់យ៉ាំងហ្គូននៅម៉ោង៥៖២៥នាទីល្ងាច។ បន្ទាប់មកវានឹងចេញពីទីក្រុងយ៉ាំងហ្គូន នៅម៉ោង៦៖៥៥នាទីល្ងាច មុនពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង០៩៖២១នាទីយប់។

ការហោះហើរត្រឡប់មកវិញ តាមជើងហោះហើរលេខ EK389 នឹងចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង ១១៖១០នាទីយប់ ហើយនឹងទៅដល់ទីក្រុងឌូបៃ នៅម៉ោង០៥៖៤០នាទីព្រឹក នៅថ្ងៃបន្ទាប់ ក្រោយពីឈប់មួយភ្លែត នៅទីក្រុងយំាងហ្គូន។ ម៉ោងទាំងអស់ គឺជាខ្នាតម៉ោងក្នុងស្រុក។

យន្តហោះ Boeing 777-200LR របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត ផ្តល់ជូនប្រភេទ កៅអីពាណិជ្ជកម្មដែលអាច ទម្រេតរាបស្មើដូចគ្រែ (Business Class lie-flat beds) ជាមួយ ទម្ងន់ឥវ៉ាន់តាមខ្លួន អតិប្បរមារហូតដល់៤០គីឡូ សម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) និង៣៥គីឡូ សម្រាប់អ្នកដំណើរថ្នាក់ សន្សំសំចៃ (Economy Class)។

អ្នកដំណើរ នៅលើជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates អាចទស្សនា កម្មវិធីកម្សាន្តក្នុងយន្តហោះ ដែលមាន ប៉ុស្តិ៍ទូរទស្សន៍ជាង ២៥០០ ប៉ុស្តិ៍ ខ្សែភាពយន្ដ ហ្គេម និងទូរទស្សន៍ហើយនិងវ៉ាយហ្វាយ (Wi-Fi) ដែលមាននៅលើយន្តហោះអេមីរ៉ាត។ អ្នកដំណើរតាមយន្តហោះអេមីរ៉ាតទាំងអស់ នឹងទទួលបានអាហារ ជាច្រើនប្រភេទ នៅអំទ្បុងពេលធ្វើដំណើរ។

បច្ចុប្បន្ន ក្រុមហ៊ុន Emirates ហោះហើរ ទៅកាន់ទិសដៅ ជាង៣៥ទីតាំងនៅអឺរ៉ុប ពីមជ្ឈមណ្ឌលរបស់ខ្លួន នៅក្នុង ទីក្រុងឌូបៃ រួមបញ្ចូលទាំងគោលដៅពេញនិយម ជាច្រើនផ្សេងទៀត ដូចជាទីក្រុងប៉ារីស (ហោះហើរបីដងក្នុងមួយថ្ងៃ) ទីក្រុងឡុង ហែទស្រ៊ូ (London Heathrow) (ប្រាំមួយដងក្នុងមួយថ្ងៃ) ទីក្រុងរ៉ូម (បីដងក្នុងមួយថ្ងៃ) និងញូវយ៉ក (បួនដងជារៀងរាល់ថ្ងៃ)៕