(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ លោកបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបេក្ខជន ក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមការងារចុះជួយឃុំ ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្នុងកិច្ចស្វាគមន៍របស់លោក ម៉ក់ សំភារ ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនស្រុកស្រីស្នំ ក៏បានលើកឡើងអំពីសកម្មភាពការងារកសាង និងពង្រឹងពង្រីក សមាជិកបក្សនូវទូទាំងស្រុកព្រមទាំង បានបញ្ជាក់អំពី ចំណុចខ្លាំង និងបញ្ហាប្រឈមនៅតាមមូលដ្ឋាន។ លោកបានគូសបញ្ជាក់ផងដែរ ពីកត្តាសំខាន់ៗ ដែលធ្វើឲ្យគ្រប់ បណ្តាឃុំ ទូទាំងស្រុកស្រីស្នំ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលជាមូលដ្ឋានគ្រឹះ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០១៨ ផងដែរ ។
ថ្លែងសំណេះសំណាលនោះ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើកោតសរសើរ និងសាទរចំពោះលទ្ធផលក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុះ អាណត្តិទី៤ ដែលធ្វើឲ្យគ្រប់បណ្តាឃុំ ក្នុងស្រុកស្រីស្នំ ទទួលបានជោគជ័យ ដែលជាយុទ្ធសាស្ត្រ ឆ្ពោះទៅរកជ័យជំនះលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តទី៦ ឆ្នាំ២០១៨ខាងមុខ ហើយលទ្ធផលទាំងនេះក៏កើតឡើងពីកិច្ចខិតខំប្រឹងប្រែរបស់អស់លោក លោកស្រីនៅមូលដ្ឋាន ដោយមានកិច្ចសហការ សាមគ្គីគ្នាបានល្អ និងគោរពបាននូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា ឆ្លងតាមការចុះជួបជាមួយបងប្អូនសមាជិកសមាជិកាបក្សនៅតាមមូលដ្ឋាន រាល់បញ្ហាដែលអាជ្ញាធរមូលដ្ឋាន លើកឡើង មានលក្ខណៈខុសៗគ្នាទៅតាមមូលដ្ឋាន។ លោកបណ្ឌិត ក៏បានសូមឲ្យបងប្អូនក្រុបប្រឹក្សាឃុំទាំងអស់ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៤នេះ គឺត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ឲ្យកាន់តែបានល្អប្រសើរឡើង។ ចំពោះបងប្អូនដែល ជាបេក្ខភាពក្រុមប្រឹក្សាឃុំ ទាំងអស់ គឺត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍន៍ បម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ម៉្យាងទៀតមន្ត្រី ថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់ ដើរតាមផ្ទះដើម្បីថ្លែង អំណរគុណសមាជិកទាំងអស់ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ក៏បានសង្កត់ធ្ងន់ផងដែរថា គ្រប់សមាជិក ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីរាជការណា ដែលបានធ្វើឲ្យមានកំហុសឆ្គងធ្វើឲ្យប៉ះពាល់បាត់បង់ ផលប្រយោជន៍ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺត្រូវទទួលទោសទ័ណ្ឌ ទៅតាមច្បាប់រដ្ឋបាលដែលបានកំណត់។ ក្នុងនោះដែរលោកបណ្ឌិតបានផ្តល់ថវិកា ៩ លានរៀល សម្រាប់រៀបចំពិសារបាយសាមគ្គីជុំគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន។