(ក្រចេះ)៖ នគរបាលស្រុកស្នួល ខេត្តក្រចេះបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ខណៈបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ ពីបទជាប់ពាក់ព័ន្ធករណី លួចក្របីរបស់ពលរដ្ឋ។

ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង២៖១០ទៀបភ្លី ឈានចូល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅចំនុចភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

នគរបាលស្រុកស្នួល បានឲ្យដឹងថា វេលាម៉ោង១៖១៥នាទីទៀបភ្លី ប្រជាពលរដ្ឋបានប្តឹងថា បានបាត់ក្របីចំនួន៤ក្បាល។ បន្ទាប់មកនគរបាលប៉ុស្ត៍ បានរាយការណ៍មកកម្លាំងនគរបាល ជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល បានដាក់កម្លាំងចុះស្រាវជ្រាវ ពួនស្ទាក់ចំាមើល លុះដល់ម៉ោងជាង២ទៀបភ្លឺ កម្លាំងនគរបាលបានឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងក្របីចំនួន៤ក្បាល និងរថយន្ដកូរ៉េចំនួន១គ្រឿង។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ឆន ដានិត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ។

នគរបាលបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបាន ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកក្រុមខ្លួនធ្លាប់ធ្វើសកម្មភាព លួចក្របីបានសម្រេចចំនួន៤លើករួចមកហើយ នៅស្រុកស្នួលចំនួន២លើក នៅស្រុកសំបូរចំនួន២លើក។

ជនសង្ស័យបានសារភាបទៀតថា នៅថ្ងៃកើតហេតុ រូបគេនិងបក្ខពួក២នាក់ទៀត ឈ្មោះ ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដា ស្រុកចិត្របុរី ខេត្តក្រចេះ និងឈ្មោះ ទុង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិហុងឡាំ សង្កាត់អូរឬស្សី ក្រុងក្រចេះ បានលួចក្របីឈ្មោះ ប៊ុតយី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ប៉ុន្តែពេលខ្លួនបើកឡានចូលទៅបម្រុងដាក់ក្របី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ ចំណែកបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ខេត្តចាត់ការបន្ត៕