(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានសរសេរអត្ថបទមួយ បង្ហោះលើ Facebook ផ្លូវការរបស់ខ្លួន ដោយបានលើកឡើង និងពន្យល់ អំពីការចាត់ចែងថវិកាជាតិ ពិសេសឆ្លើយតបនឹងគោលនយោបាយ ទម្លាក់លុយកន្លះលានដុល្លារ ដល់ឃុំសង្កាត់ក្នុងមួយឆ្នាំ របស់បក្សប្រឆាំង។
ក្នុងអត្ថបទរបស់លោក ហេង រតនា បានសង្កត់ធ្ងន់ថា លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បានសម្លាប់ចោល គោលនយបាយទឹកលុយកន្លះលានដុល្លារ តាមឃុំ/សង្កាត់ របស់បក្សប្រឆាំង ហើយសូមរង់ចាំអាណត្តិក្រោយ ឆ្នាំ២០២៣-២០២៨ចុះ។
លោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា «អ្វីទៅជាថវិកាជាតិ និងត្រូវចាត់ចែងរបៀបយ៉ាងម៉េច?
ថវិកាជាតិត្រូវដំណើរការ ១៖ ត្រូវរៀបចំដោយរាជរដ្ឋាភិបាល ២៖ ត្រូវអនុមត័ដោយរដ្ឋសភាជាតិ ៣៖ ត្រូវអនុមត័ដោយព្រឹទ្វសភាជាតិ។ ទើបក្លាយជាច្បាប់ថវិកាជាតិ ប្រចាំឆ្នាំសារពើព័ន្ធ! បានន័យថា ត្រូវឆ្លងកាត់៣ដំណាក់កាលធំៗ ដែលតាមធម្មតាត្រូវរៀបចំពង្រាងថវិកានៅខែមិថុនា នឹងត្រូវឆ្លងគណៈរដ្ឋមន្ត្រីនៅតែតុលា ឆ្លងរដ្ឋសភាខែវិចិ្ឆកា និងត្រូវឆ្លងព្រឹទ្ធសភា នៅខែធ្នូនៃឆ្នាំនីមួយៗ។
ចំពោះថវិកាឃុំ/សង្កាត់៖ អាណាបក្សដើមខែ្ស គឺក្រសួងមហាផ្ទៃ ទោះបីឃុំ/សង្កាត់មកពីបក្សណាក៏ដោយ ហើយឃុំ/សង្កាត់ណាក៏ដោយក៏ស្ថិត នៅក្រោមអាណាព្យាបាល នៃរដ្ឋបាលស្រុក និងរដ្ឋបាលខេត្តដែរ។ ដូចនេះរាល់គំរោងថវិកា ឃុំ/សង្កាត់ទាំងអស់ ត្រូវឆ្លងកាត់ឋានានុក្រមនេះ និងអាណាបក្សដើមខែ្សទើបបញ្ជូន មកក្រសួងហិរញ្ញវត្ថុ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ដើម្បីសំរបសំរួល និងពិនិត្យពិភាក្សា រៀបចំបញ្ចូលក្នុងថវិកាជាតិ។ គ្មានគណបក្សណាមានសិទ្ធិ ក្នុងការរៀបចំថវិកាជាតិនេះ ជំនួសរាជរដ្ឋាភិបាលនោះទេ!
បើពិនិត្យលើការដំណើរការនេះ ថវិកាគោលនយោបាយរបស់ឃុំ/សង្កាត់ មកពីបក្សណាក៍ដោយត្រូវតែគោរពតាមនីតិវិធីនេះ និងច្បាប់ហិរញ្ញវត្ថុសាធារណៈផងដែរ!
លទ្ធផលបោះឆ្នោត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ បណ្តោះអាសន្ន អាចកំណត់ជោគជ័យច្បាស់លាស់ សំរាប់ការបោះឆ្នោតអសកលជ្រើសរើសអសនៈព្រឹទ្ធសភា នឹងបន្តដឹកនាំដោយគណបក្សប្រជាជន(២០១៨-២០២២)។ ដូចនេះ ក្នុងអំណាចទាំង៣ រាជរដ្ឋាភិបាល សភាជាតិ និងព្រឹទ្ធសភា អំណាចមួយណាសុទ្ធតែអាចកំណត់ និងសម្លាប់ចោលគោលនយបាយទឹកលុយកន្លះលានដុល្លារ តាមឃុំ/សង្កាត់បានទាំងអស់! តែប្រហែលគោលនយោបាយនេះ អាចស្លាប់នៅកំរិតស្រុក ខេត្តដែលជាអាណាព្យាបាលផ្ទាល់ លើឃុំ/សង្កាត់ទាំងនោះ!
សូមមេត្តាចងចាំថា «គ្មានមេឃុំបំរើតែបក្ស មិនបំរើរាស្ត្រនោះទេ!» គ្មានអំណាចរដ្ឋក្នុងរដ្ឋនោះទេ មានន័យថា ឃុំ/សង្កាត់ទាំងអស់បន្ទាប់ពីកាន់តំណែង ត្រូវស្ថិតក្រោមអាណាព្យាបាល ស្រុក/ខណ្ឌ ខេត្ត/រាជធានី និងអាណាបក្សដើមខែ្ស គឺក្រសួងមហាផ្ទៃ!!!
ផ្អែកលើគោលការណ៍រៀបរាប់ខាងលើ គោលនយោបាយលុយកន្លះលានដុល្លារក្នុងមួយឆ្នាំៗនេះ សូមមានសង្ឃឹមញញឹមទុកចុះត្រូវរង់ចាំ អាណតិ្ត២០២៣-២០២៨បន្តទៀត!!»៕