(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ២០១៧ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់កញ្ចប់អំណោយ ស្រាយបួសជូនសហគមន៍ខ្មែរឥស្លាមនៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ចំនួន៥៦០គ្រួសារ សម្រាប់ទទួលទានខ្លះ ក្នុងឱកាសខែរ៉ាម៉ាឌន។
កញ្ចប់អំណោយរួមមាន៖ ស្ករស២គីឡូ, ទឹកដោះគោ២កំប៉ុង, ទឹកផ្លែឈើ២កំប៉ុង, ទឹកក្រូច២លីត្រ, ទឹកសេរ៉ូមួយដប, ត្រីខ២កំប៉ុង និងអូវ៉ានទីន១ដប។
លោក អូស្មាន ហាស្សាន់ បង្ហាញសុទិដ្ឋិនិយម ចំពោះសហគមន៍ខ្មែរឥស្លាម សម្រាប់លទ្ឋផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបតែកន្លងផុតទៅនេះ សន្លឹកឆ្នោតបានបង្ហាញ ពីភាពជ័យជំនះរួចទៅហើយ ពី៨០ភាគរយ រហូតដល់៩០ភាគរយ នៃសម្លេងបោះឆ្នោតជូនគណបក្សប្រជាជន ពីសហគមន៍ខ្មែរឥស្លាម ធៀបនឹងសម្លេងគាំទ្រគណបក្សប្រឆាំង។
បន្ថែមពីនេះលោក បានកោតសរសើរ ដល់សហគមន៍ខ្មែរឥស្លាម សង្កាត់ច្រាំងចំរេះ ក៏ដូចជាប្រជាពលរដ្ឋជាទូទៅក្នុងប្រទេស ដែលបានសម្រេចតួនាទីឆន្ទៈរបស់ខ្លួន បានបោះឆ្នោតជ្រើសរើសមេដឹកនាំ របស់ខ្លួនក្នុងឃុំ-សង្កាត់ ហើយផ្តល់ជ័យលាភី ជូនគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់ជ័យលាភី សម្រាប់ជោគវាសនានូវភាពរុងរឿង ចម្រុងចម្រើន នេះក៏ជាសញ្ញាណ នៃការផ្តល់ភាពជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសភាអាណត្តិទី៥ ជាបន្តទៀត៕