(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធសហភាពយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីអបអរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៦ ទិវាកុមារពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ ដែលបានធ្វើឡើង នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង បាក់ខែង។
កម្មវិធីសប្បុរសធម៌នេះ មានការចូលរួមពីសំណាក់លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក គិម រិទ្ធី អនុប្រធាន ស.ស.យ.ក និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីសិស្សានុសិស្ស ចំនួនប្រមាណ៩៧០នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦។
លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ បានថ្លែងថា ក្នុងការប្រារព្ធកម្មវិធីនេះ ដើម្បីឲ្យកូនៗ ក្មួយៗ ប្រើប្រាស់សិទ្ធិរបស់ខ្លួន ហើយខិតខំរៀនសូត្រ ប្រើប្រាស់ឱកាសរបស់ខ្លួនទទួលចំណេះវិជ្ជា ដូចដែលឪពុកម្ដាយរបស់ក្មួយថា «គ្មានទ្រព្យអ្វីគង់វង្ស ជាងទ្រព្យចំណេះនោះទេ»។
ក្នុងនោះផងដែរ ជាការលើកទឹកចិត្តសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ លោក ហួ ឈុនគ្រី ប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអប់រំ បានរៀបចំចាត់ចែងនូវសម្ភារៈសិក្សាចំនួន៩៧០កញ្ចប់ ក៏ដូចជាការប្រគល់រង្វាន់ ដល់សិស្សជយលាភីផ្នែកអត្ថបទ និងគូរគំនូរ ព្រមទាំងលោកគ្រូអ្នកគ្រូ ប្រចាំសាលាដែលបានយក ចិត្តទុកដាក់ក្នុងការផ្ទេរចំណេះដឹង ដល់សិស្សានុសិស្សទាំងអស់។
ដើម្បីជាការសម្ដែង នូវកិច្ចដឹងគុណរបស់សិស្សានុសិស្ស ចំពោះលោកគ្រូអ្នកគ្រូ និងឪពុកម្ដាយគ្រប់រូប ក្រុមការងាររៀបចំកម្មវិធីបានបន្ថែម ពិធីរំលឹកគុណគ្រូ ក្នុងគោលបំណងឲ្យពួកគាត់បានចេះដឹង ចេះចងចាំ ពីការប្រឹងប្រែងរបស់គ្រូក្នុងការបង្រៀន ក៏ដូចជាគុណចិញ្ចឹមបីបាច់ថែរក្សាពីអ្នកមានគុណ។
សូមជម្រាបថា កម្មវិធីសប្បុរសធម៌នេះ ត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ ស្របតាមលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងការលើកកំពស់សិទ្ធិកុមារ និងការលុបបំបាត់ពលកម្មលើកុមារ។ នេះជាលើកទី៤ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ដួចផ្ដើមរៀបចំកម្មវិធីនេះ ដើម្បីលើកកម្ពស់សិទ្ធិកុមារកម្ពុជា ក្នុងការទទួលបាន ការអប់រំ និងប្រយុទ្ធប្រឆាំងពលកម្មកុមារ ស្របតាមគោលការណ៍អន្តរជាតិ លុបបំបាត់ពលកម្មលើកុមារ និងយុត្តិធម៌សង្គម៕