(​សៀមរាប​)​៖ លោក ​​ឃឹម ​ប៊ុ​ន​សុង ​សមាជិក​គណៈកម្មាធិការ​កណ្តាល ​និង​ជា​ប្រធាន​គណៈកម្មាធិការ ​នៃ​គណបក្សប្រជាជន​កម្ពុជា​​ខេត្តសៀមរាប ​រួម​ជាមួយ​អ្នកឧកញ៉ា​ ​សៀង ​ណាំ ​​អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ក្រឡាញ់ ​និង​លោក ​ឈឹម ​ម៉ា ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ពួក ​នៅ​ថ្ងៃទី១០ ​ខែមិថុនា​ ​ឆ្នាំ២០១៧នេះ ​ចុះ​ជួប​សំណេះសំណាល​​ជាមួយ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ ​ថ្នាក់ដឹកនាំ​ភូមិ ​និង​ក្រុមការងារ​ចុះ​ជួយ​ឃុំ ​ស្រុក​ក្រឡាញ់ ​និង​ស្រុក​ពួក ​ខេត្តសៀមរាប​​។

ថ្លែង​ក្នុង​ឱកាស​នោះ ​អ្នកឧកញ៉ា ​សៀង ​ណាំ ​និង​លោក ​បណ្ឌិត ​ឃឹម ​ប៊ុ​ន​សុង ​និង​លោក ​ឈឹម ​ម៉ា ​សុទ្ធតែ​បាន​​ធ្វើ​កោតសរសើរ ​និង​សាទរ​ចំពោះ​លទ្ធផល ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​អាណត្តិ​ទី៤ ​ដែល​ធ្វើឲ្យ​គ្រប់​បណ្តា​ឃុំ ​ក្នុង​ស្រុក​ក្រឡាញ់ ​និង​ស្រុក​ពួក ​ទទួល​បាន​ជោគជ័យ ​ដែល​ជា​យុទ្ធសាស្ត្រ ​ឆ្ពោះទៅ​រក​ជ័យ​ជម្មះ ​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​អាណត្តិ​ទី៦ ​ឆ្នាំ២០១៨ខាងមុខ​។​

បើ​តាម​ថ្នាក់ដឹកនាំ​ទាំង៣ ​លទ្ធផល​ទាំងនេះ​ក៏​កើតឡើង ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែ​របស់​អស់លោក ​លោកស្រី​នៅ​មូលដ្ឋាន ​ដោយមាន​កិច្ចសហការ​​សាមគ្គី​គ្នា​បាន​ល្អ ​និង​គោរព​បាន​នូវ​គោលនយោបាយ ​របស់​គណបក្សប្រជាជន​កម្ពុជា ​អនុសាសន៍​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​និង​ជានា​យក​រដ្ឋមន្ត្រី​នៃ​​កម្ពុជា​​។

លោក ​​ឃឹម ​ប៊ុ​ន​សុង ​បាន​បន្ត​ទៀត​ថា ​ឆ្លងតាម​ការ​ចុះ​ជួប​ជាមួយ​បងប្អូន​សមាជិក​សមាជិកា​បក្ស​នៅ​តាម​មូលដ្ឋាន ​រាល់​បញ្ហា​ដែល​អាជ្ញាធរ​មូលដ្ឋាន​លើកឡើង ​មាន​លក្ខ​ណៈ​ខុស​ៗ​គ្នា​ទៅតាម​មូលដ្ឋាន ​ហើយ​លោក​​សូម​​ឲ្យ​បងប្អូន​ក្រុប​ប្រឹក្សា​ឃុំ​ទាំងអស់ ​ក្រោយពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​អាណត្តិ​ទី៤នេះ ​គឺ​ត្រូវ​ធ្វើការ​ពង្រឹង​​ស្មារតី ​ក្នុង​ការ​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ​ឃុំ​-​សង្កាត់ ​ឲ្យ​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង​។ ​ចំពោះ​បងប្អូន​ដែល​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ​​ទាំងអស់ ​គឺ​ត្រូវ​ខិតខំ​បំពេញការងារ​ស្នូល​របស់​ខ្លួន ​ក្នុង​ការបម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាជន ​ដើម្បី​ធានា​និរន្តរភាព​ការងារ​រដ្ឋបាល ​ការ​ផ្តល់​សេវា ​និង​ការ​អភិវឌ្ឍ​​ដើម្បី​បម្រើ​នូវ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​​។

បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង ក៏បានសង្កត់ធ្ងន់​ថា គ្រប់សមាជិក ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីរាជការណា ដែលបានធ្វើឲ្យមានកំហុសឆ្គង ធ្វើឲ្យប៉ះពាល់បាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវទទួលទោសទណ្ឌ​ទៅតាមច្បាប់រដ្ឋបាលដែលបានកំណត់​។ ​ម៉្យាងទៀតមន្ត្រី ថ្នាក់ដឹកនាំក្នុងជួរគណបក្សទាំងអស់ ត្រូវតែរក្សាឲ្យបាននូវប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលបម្រើនូវផលប្រយោជន៍ប្រជាជន និងអភិវឌ្ឍន៍សង្គមជាតិ៕