(ភ្នំពេញ)៖ ក្រោយពី​គម្រោង​អភិវឌ្ឍន៍​អ​គា​រប៊ូ​ឌីញ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​ភាព​ជោគជ័យ​ជាមួយ​ស្នាមញញឹម​រវាង​ពលរដ្ឋ ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ​Arakawa ​របស់​ជប៉ុន​ហើយ​នោះ ​ក្រុម​ប្រជាពលរដ្ឋ​នៅក្នុង​អគារ​ដ៏​ចំណាស់​មួយ​មិន​ត្រឹមតែ​សប្បាយរីករាយ​ជាមួយ​ដំណោះស្រាយ​នេះ​ទេ ​ពួកគេ​ចង់​ឃើញ​គម្រោង​អភិវឌ្ឍន៍​ដទៃ​ធ្វើ​ដូច​គម្រោង​នេះ​ផង​ដែរ​។

គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ ២៣៧គ្រួសារហើយ បានរុះរើសម្ភារចេញពីលំនៅដ្ឋាន និងបានទៅបើកប្រាក់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ គម្រោងអភិវឌ្ឍន៍នៅអគារប៊ូឌីញនេះ ទទួលបានការវាយតម្លៃ និងកោតសរសើរខ្ពស់ថាជាគម្រោងអភិវឌ្ឍន៍មួយ ដែលធ្វើឡើងយ៉ាងល្អប្រសើរ និងមិនសល់នូវការតវ៉ា និងឈឺចាប់សម្រាប់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញនេះ មិនត្រឹមតែសម្តែងភាពសប្បាយរីករាយចំពោះដំណោះស្រាយ ដែលសម្របសម្រួលដោយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តែប៉ុណ្ណោះទេ ពួកគេក៏ចង់ឃើញគម្រោងអភិវឌ្ឍន៍ដទៃទៀតយកគំរូតាមគម្រោងអភិវឌ្ឍន៍អគារប៊ូឌីញនេះផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយអង្គភាព Fresh News នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ លោកស្រី ដាវី ដែលចូលមករស់នៅអគារប៊ូឌីញ ចាប់តាំងពីឆ្នាំ១៩៨៩មកនោះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យគម្រោងអភិវឌ្ឍន៍ផ្សេងៗ​ ឲ្យយកគំរូតាមអគារប៊ូឌីញ ព្រោះវាស្រួលមិនការឈ្លោះប្រកែក ទិញតាមសម្រូល ដោះស្រាយសំណងបានល្អ ដើម្បីឲ្យប្រជាជនសប្បាយចិត្ត»។

ស្រដៀងគ្នានេះ លោកស្រី ស៊ូ សុខជួន ដែលរស់នៅទីកន្លែងនេះជាង ៣៣ឆ្នាំមកហើយ បានលើកឡើងដែរថា «គាត់ (លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា) មានដំណោះស្រាយសមរម្យ សម្រាប់ទៅទិញផ្ទះថ្មី...ហើយខ្ញុំចង់ឲ្យគម្រោងអភិវឌ្ឍន៍ដ៏ទៃទៀត ធ្វើតាមគម្រោងរបស់អគារប៊ូឌីញ»។

ប្រជាពលរដ្ឋ​រស់នៅ​អ​គា​រប៊ូ​ឌីញ​ម្នាក់ទៀត ​លោក ​ជ័យ ​សោភ័ណ្​ឌ ​អាយុ៦២ឆ្នាំ ​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ ​និង​អ្នក​ពាក់ព័ន្ធ ​ពេល​មាន​គម្រោង​អភិវឌ្ឍន៍​នៅកន្លែង​ផ្សេង ​គួរតែ​យក​គំរូ​តាម​ការ​អភិវឌ្ឍ​អ​គា​រប៊ូ​ឌីញ ​ដើម្បីកុំឲ្យ​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ​ដែល​ជា​អ្នក​ធ្លាប់​រស់នៅ​។ ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា ​«​ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ​ថ្នាក់ដឹកនាំ ​បើ​បាន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ​សូមឲ្យ​រលូន​ដូច ​ឯកឧត្តម ​ជា ​សុ​ផា​រ៉ា ​អញ្ជឹង ​ដើម្បី​ជៀសវាង​ជ​ម្លោះ​ផ្សេង​ៗ​»​។

ជាមួយ​ការ​ទទួល​បាន​ដំណោះស្រាយ​ប្រកបដោយ​ភាពល្អ​ប្រសើរ​នេះ ​ពលរដ្ឋ​អ​គា​រប៊ូ​ឌីញ ​ក៏បាន​វាយតម្លៃ​ខ្ពស់ ​និង​សម្ដែង​នូវ​ការ​កោតសរសើរ ​ព្រមទាំង​ការ​ថ្លែងអំណរគុណ​ចំពោះ ​លោក​ទេស​រដ្ឋ​មន្ដ្​រី ​ជា ​សុ​ផា​រ៉ា ​ដែល​បាន​ដោះស្រាយ​បញ្ហា​យ៉ាង​សមស្រប ​ឲ្យ​ពួកគាត់​អាច​ទទួលយក​បាន ​សម្រាប់​ការ​ចាកចេញ​ពីទី​កន្លែង​ធ្លាប់​រស់នៅ ​ហើយ​លោក​មាន​គោលនយោបាយ​ច្បាស់លាស់​ចំពោះ​ការ​អភិវឌ្ឍ​។

ពលរដ្ឋលើកឡើងថា «​យើងខ្ញុំសូមអរគុណដល់ឯកឧត្តម ជា សុផារ៉ា ដែលបានជួយដោះស្រាយបានយ៉ាងរលូតបែបនេះ ហើយដែលពួកខ្ញុំបានទៅជួបប្រជុំជាមួយឯកឧត្តម គាត់បានពន្យល់យ៉ាងក្បោះក្បាយប្រាប់ពលរដ្ឋថា អគារនេះវាចាស់ហើយ គ្មានក្រុមហ៊ុនណា គ្មានអ្នកវិនិយោគណាចូលមកទៀតទេ ហើយគោលនយោបាយគាត់ពិតជាល្អ យើងខ្ញុំសូមគាំទ្រ និងកោតសរសើរណាស់ចំពោះគាត់»។

សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្រ្តនិយម មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយ ក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្ម បែបទំនើបមួយមានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក។

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ លោកទេសេរដ្ឋមន្រ្តី ជា សុផារ៉ា ដែលជារដ្ឋមន្រ្តីកំពុងទទួលបានប្រជាប្រិយភាព ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ ​បានរៀបចំ​ពិធីជប់លៀងជូនប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ដោយការហូបនំបញ្ចុក នៅក្បែរអគារប៊ូឌីញផ្ទាល់តែម្ដង ដែលការជប់លៀងនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងអគារប៊ូឌីញនេះ បានព្រមព្រៀងលក់លំនៅដ្ឋានទៅឲ្យក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ជប៉ុន Arakawa ក្នុងមួយម៉ែត្រការ៉េ ១,៤០០ដុល្លារអាមេរិក៕