(ព្រះវិហារ)៖ គ្រាប់មិនទាន់ផ្ទុះជាច្រើន ប្រភេទត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ប្រគល់ឲ្យមន្ត្រីរបស់អង្គភាពស៉ីម៉ាក់ ដើម្បីយកទៅកម្ចេចចោល បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រីយិន ចំណាន ស្នងការនគរបាល ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១០ ខែមិថុនានេះថា គ្រាបើមិនទាន់ផ្ទុះជាច្រើន ដែលសមត្ថកិច្ចប្រគល់ឲ្យអង្គភាពស៉ីម៉ាក់ រួមមាន៖ គ្រាប់កាំភ្លើងចំនួន៣កេស គ្រាប់បែកដៃចំនួន២គ្រាប់ មីនចំនួន២គ្រាប់ និងគ្រាប់៦០មីល្លីម៉ែត្រ។
លោក យិន ចំណាន បានបន្តថា នៅថ្ងៃនេះផងដែរ ក្រោយការផ្សព្វផ្សាយច្បាប់ ស្តីពីការរក្សាទុក នៅអាវុធខុសច្បាប់ ដែលច្បាប់ហាមឃាត់ បងប្អូនប្រជាពលរដ្ឋនៅភូមិគោក ឃុំស្អាង ស្រុកជាំក្សាន្ត បានភ្ញាក់រលឹក យកអាវុធកែឆ្នៃ៨ដើម មកប្រគល់ជូនសមត្ថកិច្ច ក្នុងនោះមានអាវុធម៉ាកកាប៊ិន៧ដើម និងអាវុធខ្យល់១ដើមផងដែរ៕