(បាត់ដំបង)៖ កម្លាំងអាវុធហត្ថស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឃាត់ខ្លួនមុខសញ្ញាចោរលួចគោចំនួន៣នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

មន្រ្តីអាវុធហត្ថស្រុកមោងឬស្សី បានឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើរួមមាន ទី១៖ ឈ្មោះ ធឿន ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោង
ឫស្សី ខេត្តបាត់ដំបង ទី២៖ ឈ្មោះ យុន អាត (ហៅយ៉ុង) ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទី៣៖ ឈ្មោះ ពីវ សក្កដា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

មន្រ្តីអាវុធហត្ថបន្តថា ជនសង្ស័យទាំង៣នេះ បានធ្វើសកម្មភាពលួចគោ១ក្បាល របស់ជនរងគ្រោះឈ្មោះ ហួន រឿត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សីខេត្តបាត់ដំបង កាលពីយប់ម៉ោង១០៖០០នាទី ថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០១៧ ក្នុងខណៈពេលម្ចាស់គោដេកលក់ ជនសង្ស័យក៏បានចូលលួចតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ មកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្តចាត់ការតាមច្បាប់។ ចំណែកគោមេ១ក្បាល ដែលបានរឹបអូសពីក្រុមជនសង្ស័យ មន្រ្តីជំនាញបានប្រគល់ឲ្យទៅម្ចាស់វិញ៕