(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែង នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកងទ័ពទាំងការលើកស្ទួយកម្រិតជីវភាព ការរស់នៅរបស់កងទ័ព គ្រួសារកងទ័ព និងការយកចិត្តដាក់ផ្សេងៗជាច្រើនទៀត។
ការថ្លែងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារស្នាក់នៅ និងបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅបន្ថែម សម្រាប់នាយទាហាន នៅទីបញ្ជាការរដ្ឋានយោធភូមិភាគ៤ (ស្ពានក្អែក) ខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែង បានផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះកងទ័ព ដែលបានលះបងកម្លាំងកាយចិត្តចូលរួមរក្សារការពារ បូរណភាពទឹកដី និងប្រជាជន។
ជាមួយគ្នានេះ លោកសូមកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃអង្គភាពកងទ័ព និងសបុ្បរសជននានា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាង ដែលនេះបានបញ្ជាក់ឲ្យឃើញអំពីស្មារតីម្ចាស់ការ និងភាពសាមគ្គីគ្នាក្នុងការ កសាង និងដោះស្រាយបញ្ហាផ្សេងៗ ដែលជាតម្រូបការរបស់កងទ័ព។
លោកឧត្តមសេនីយ៍ឯកបានលើកឡើងថា «ពិតណាស់ថាយើងមិនដោះស្រាយគ្រប់ តម្រូវការរបស់កងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជនទាំអស់នោះទេ ប៉ុន្តែយើងអាចជួយដោះស្រាយការលំបាក តម្រូវការចំពោះមុខរបស់កងទ័ព យើងអាចលើកស្ទួយកម្រិតជីវភាព គ្រួសារកងទ័ព និងនិងអតីតយុទ្ធជននិងការដោះស្រាយផ្សេងៗ។ ដូចយើងឃើញជាក់ស្តែងស្រាប់ហើយ ពីមួយឆ្នាំទៅមួយឆ្នាំ មានការវិវត្តន៍ប្រែប្រួល ពីកម្រិតជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងអតីយុទ្ធជនតាមរយៈកាតម្លើងប្រាក់បៀវត្សន៍ និងការផ្គត់ផ្គង់របបផ្សេងៗ»។
លោកបានបន្ថែមថា កងទ័ពគឺសំខាន់ណាស់ ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព ដែលការថែរក្សាសុខសន្តិភាព ស្ថេរភាពបានធ្វើប្រជាពលរដ្ឋមានសិទ្ធិសេរីភាព រស់នៅបានសុខសាន្ត មកដល់សព្វថ្ងៃ។ បើគ្មានការបំពេញភារកិច្ចរបស់កងទ័ព ហើយគ្មានសុខសន្តិភាព ស្ថេរភាពទេនោះ យើងមិនធ្វើនយោបាយ និងមានអ្វីៗដូចសព្វថ្ងៃនេះដែរ។ នេះគឺបានមកពីការចូលរួមរបស់កងទ័ពក្នុងការថែរក្សាសុខសន្តិភាព។
លោកក៏បានអំពាវនាវសូមកងទ័ពស្មោះត្រង់ដាច់ខាត ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ចំពោះជាតិ ប្រជាជន និងសូមបន្តមានគោលជំហរ ស្មារតីនឹងនរក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពដើម្បីយើងអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនទៅមុខទៀត៕