(រតនគិរី)៖ ឃុំប៉ាតេ ​ជាឃុំមួយស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលត្រូវបាន​​គណបក្ស សម រង្ស៊ី គ្រប់គ្រង២អាណត្តិមកហើយ​នោះ នៅក្នុងអាណត្តិទី៤នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះវិញហើយ។

យោងតាមលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ នៅក្នុងឃុំប៉ាតេ គណបក្សប្រជាជនកម្ពុជាទទួលបាន ៣០៩សំឡេង ខណៈដែលគណបក្សសង្គ្រោះជាតិទទួលបាន ២៤៧សំឡេង។​

​​បេក្ខភាពមេឃុំប៉ាតេ របស់​គណបក្សប្រជាជនកម្ពុជាដែលនឹងត្រូវចូលកាន់តំណែងមេឃុំក្នុងពេលឆាប់ៗខាងមុខនេះ គឺលោក ឆាយ ធី ដែលជាអតីតមន្ដ្រីអង្គការសិទ្ធិមនុស្សអាដហុក។ លោក ឆាយ ធី អាយុ៤៨ឆ្នាំ បានឈប់បម្រើការងារជាមន្ដ្រីអង្គការសិទ្ធិមនុស្ស ដែលខ្លួនធ្លាប់បានធ្វើជាង១០ឆ្នាំមកហើយនោះ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាកាលពីអំឡុងខែមករា ឆ្នាំ២០១៧កន្លងទៅនេះ។​

លោក ឆាយ ធី បានបញ្ជាក់ថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែលោកបានមើលឃើញ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយ ចាស់ទុំមួយ​នៅកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេស បានបន្សល់ស្នាដៃធំៗជាច្រើន ដូចជា ការរំដោះប្រទេសចេញពីរបប ប៉ុល ពត, ការដាក់ចេញនយោបាយឈ្នះឈ្នះ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្ដិភាព ជូនជាតិ និងមាតុភូមិ។

ជាមួយនឹងការទទួលបានជោគជ័យ លោក ឆាយ ធី បានបញ្ជាក់ថា លោកបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ក្នុងការឈានទៅដឹកនាំឃុំប៉ាតេ ទីកន្លែងដែលលោកកំពុងរស់នៅនាពេលបច្ចុប្បន្ន។ អតីតមន្ដ្រីសិទ្ធិមនុស្ស ដែលទទួលបានការគាំទ្រច្រើនក្នុងសកម្មភាពការពារសិទ្ធិមនុស្ស ក្រោមដំបូងអង្គការអាដហុករូបនេះ បានប្ដេជ្ញាចិត្តប្រឹងប្រែងផ្ដល់សេវា និងការបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម។ លោក ឆាយ ធី ក៏បានប្ដេជ្ញាអភិវឌ្ឍន៍ឃុំប៉ាតេ ឲ្យមានភាពរីកចម្រើនផងដែរ។

សូមជម្រាបថា លទ្ធផលបឋមក្រៅផ្លូវការ ​បានបង្ហាញ​ថា ខេត្តរតនគិរី ដែលជាខេត្តនៅភាគឦសាន​ប្រទេសកម្ពុជា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ៤៨ឃុំ-សង្កាត់ រី​ឯគណបក្សសង្គ្រោះជាតិ ទទួលបាន២ឃុំ-សង្កាត់៕