(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីការនាំចូល ជ្រូក មាន់ ទា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជាថ្មីម្ដងទៀតថា ខ្លួនពុំមានសមត្ថកិច្ច ក្នុងការហាមឃាត់ បទល្មើសលួចនាំចូលជ្រូក មាន់ ទា និងផលិតផលកសិកម្ម នៅតាមមាត់ច្រកព្រំដែននោះឡើយ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា យោងតាមស្មារតីលិខិតលេខ ១៥០៨ សហវ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំមានភារកិច្ចឈរជើងត្រួតពិនិត្យបទល្មើសលួចនាំចូលជ្រូក មាន់ ទា និងផលិតផលកសិកម្ម នៅតាមច្រកព្រំដែនឡើយ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការទប់ស្ដាត់ទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងផលិតកម្ម កសិកម្មក្នុងស្រុក នៅតាមមាត់ច្រកព្រំដែន គឺជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រួល នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្ដីប្រកាសដដែលបានឲ្យដឹងថា ក្រសួងកសិកម្ម មានភារកិច្ចជំរុញផលិតកម្មកសិកម្ម ក្នុងស្រុកឲ្យបានខ្លាំងក្លា ជាពិសេសការជំរុញ ការចិញ្ចឹមសត្វ និងការដាំដំណាំកសិកម្មផ្សេងៗ។ល។ តាមរយៈការទាក់ទាញវិនិយោគិន ដោយធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយអំពីបច្ចេកទេស និងតម្រូវការទីផ្សារ ឲ្យក្នុងស្រុកដែល កំពុងមាននាពេលបច្ចុប្បន្ន និងសក្ដានុពលទៅអនាគត ព្រមទាំងការជួយគាំទ្រផ្នែកផ្សេងៗ ដល់កសិករ អ្នកផលិតតាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖