(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានព្យាករណ៍ថា គណបក្សប្រជាជនកម្ពុជា ដែលទើបនឹងឈ្នះ ក្នុងការបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៤នេះ នឹងនៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅឆ្នាំក្រោយ។
លោក សុខ ឥសាន បានអះអាងថា កត្តាដែលធ្វើឱ្យគណបក្សប្រជាជនបន្តឈ្នះនោះ គឺមានមូលហេតុធំៗ ៣យ៉ាងដូចខាងក្រោម៖
ទី១៖ យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧នេះ មានចរិតលក្ខណៈជាកាបោះឆ្នោតជាតិ ។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងឆ្នោត ៣ ៥០០ ០០០ សន្លឹកលើសការបោះឆ្នោតឆ្នាំ ២០១៣ ជាង ៣០០,០០០សន្លឹក ។ បើយកសម្លេងឆ្នោត២០១៧មកគិត គណបក្សប្រជាជនកម្ពុជា កើនសំឡេងដល់ ជាង ៧១អាសនៈ ។
ទី២៖ យុវជនប្រមាណរាប់សែននាក់ នឹងដល់អាយុបោះឆ្នោត ដែលក្នុងនេះ ក៏មានយុវជនជាកូនចៅសមាជិកគណបក្សប្រជាជន មួយចំនួនធំដែរ ដែលជាទំពាំងស្នងប្ញស្សី បន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ។
ទី៣៖ ពលករដែលមិនបានបោះឆ្នោតជាង១លាន១សែននាក់ ក្នុងនោះក៏មានសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែរ ដែលបានបាត់ចំនួនប្រមាណ២លាននាក់នោះ នឹងនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជាដដែល ដល់ពេលបោះឆ្នោតពួកគេអាចនឹងមានលទ្ធភាពវិលត្រឡប់មកបោះឆ្នោតជូនគណបក្ស ។
លោក សុខ ឥសាន បានបញ្ជាក់ថា ចំណុចទាំងបីនេះហើយ គឺជាកត្តារួមចំណែកធ្វើឲ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ពិតជានឹងកើនឡើងខ្ពស់ថែមទៀត ធានាដល់ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ដូចកាលពីឆ្នាំ ២០០៨ ទៀត៕