(ប៉េកាំង)៖ ដោយមានគាំទ្រឧបត្ថម្ភពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារើយៗមកនោះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមរៀបចំពិធីតាំងពិព័រណ៍ម្អូបអាហារអាស៊ានលើកទី២ ក្នុងការបង្ហាញម្អូបអាហារខ្មែរជូនភ្ញៀវទេសចអន្តរជាតិ រយៈពេល១ខែ គិតចាប់ពីថ្ងៃទី០៥-៣០ ខែមិថុនា ឆ្នាំ២០១៧ នៅរដ្ឋធានីប៉េកាំង។
លោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) និងក្រសួងទេសចរណ៍កម្ពុជា រៀបចំពិធីសម្ពោធការតាំងពិព័រណ៌ម្ហូបអាហារខ្មែរ នៅសណ្ឋានគារ Minzu Hotel។
លោកថា វត្តមានរបស់ក្រុមនិស្សិតកម្ពុជា នាឱកាសនោះ រឹតតែធ្វើឲ្យអន្តរជាតិកាន់តែស្គាល់ពីកម្ពុជា និងសក្ដានុពលនានាដែលកម្ពុជាមាន និងយកទៅបង្ហាញនៅពេលនោះ ហើយភ្ញៀវបរទេសទាំងនោះ ក៏បានភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ម្ហូបខ្មែរផងដែរ។
ក្នុងពិធីសម្ភោធនោះ ក៏មានការចូលរួមពីឯកអគ្គរាជទូត មកពីបណ្តាលប្រទេសសមាជិកអាស៊ាន តំណាងរដ្ឋបាលនៃរដ្ឋធានីប៉េកាំង តំណាងក្រុមហ៊ុនសាជីវកម្មចិន និងអ្នកសារព័ត៌មានផ្សេងៗ ជាពិសេសក្រុមចុងភៅល្បីៗ ពីប្រទេសសកម្ពុជាផងដែរ។
ក្រៅពីនេះ ក៏មានវត្តមានក្រុមនិស្សិតកម្ពុជាផ្នែកសិល្បៈ នៅរដ្ឋធានីប៉េកាំង បានចូលរួមសម្តែងសិល្បៈ ដូចជា របាំជូនពរ របាំគោះត្រឡោក របាំឆ័ត្រយាន រាំចង្វាក់បុណ្យភូមិ រាំចង្វាក់កម្ពុជាព្រះរាជាណាចក្រអច្ឆិរយៈ និងដើរម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ។ ការសម្តែងនេះ គឺធ្វើការសម្តែងចំនួន ៥លើក ចាប់ផ្តើមពីថ្ងៃសម្ពោធ រហូតដល់ថ្ងៃបិទពិធី គឺនៅថ្ងៃទី៥-៩-១៦-២៦ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
លោក អ៊ុុំ វុទ្ធទី បានបន្តថា ដោយមានយកចិត្តទុកដាក់ ពីសំណាក់លោកស្រី ខែក កែមាលី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចំពោះរាល់សកម្មភាពទាំងឡាយរបស់និស្សិត ដែលសិក្សានៅប្រទេសចិន ជាពិសេសដោយមានគាំទ្រ និងឧបត្ថម្ភពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះសមាគមនិស្សិត ដូច្នេះសមាគមនិស្សិតមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើសកម្មភាពជួយនិស្សិតដែលកំពុងសិក្សានៅប្រទេសចិន ជាពិសេសលើកកម្ពស់ និងផ្សព្វផ្សាយអរិយធម៌ វប្បធម៌ខ្មែរ នៅប្រទេសចិន៕