(ភ្នំពេញ)៖ អតិថិជនម្នាក់របស់ស្រាបៀរកម្ពុជា ដែលមានសំណាងឈ្នះ១០,០០០ដុល្លារ ប៊ិះយកក្រវិលកំប៉ុងត្រូវរង្វាន់ ទៅដូរស្រាបៀរកម្ពុជាប្រាំកំប៉ុង ព្រោះស្មានថាត្រូវតែ ១០,០០០រៀល សំណាងនោះសំណាងហើយ។
លោក ងួន ចេងទី រស់នៅខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ ១០,០០០ដុល្លារ ពីស្រាបៀរកម្ពុជា បានឲ្យដឹងថា «កាលពីអាទិត្យមុន ខ្ញុំបានទិញស្រាបៀរកម្ពុជាមួយកេសមកហូបជាមួយបងប្អូន ហើយ ពេលនោះខ្ញុំគាស់ត្រូវភ្លាម ខ្ញុំគិតថាត្រូវតែ១០,០០០រៀលទេ ខ្ញុំក៏ទុកក្រវិលកំប៉ុងនោះចោលសិន។ ពេលខ្ញុំផឹកអស់ ក៏ហៅកូនឲ្យយកក្រវិលកំប៉ុងនោះ ទៅដូរស្រាបៀរប្រាំកំប៉ុង ដើម្បីផឹកបន្ត»។
លោកបន្តថា «កូនខ្ញុំកាន់ក្រវិលកំប៉ុងមកមើល ក៏ស្រែកប្រាប់ខ្ញុំថា នេះគឺ១០,០០០ដុល្លារ! ខ្ញុំអរមែនទែន! ពេលយប់ឡើងខ្ញុំដេកអត់លក់សោះ ពិតជាឈ្នះរង្វាន់ពិតៗមែន»។
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ជូន លោក ចេងទី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងកម្មវិធីប្រគល់រង្វាន់នោះ ក្រៅពីលោកងួន ចេងទី ក៏មានអតិថិជន៦នាក់ផ្សេងទៀត នៅរាជធានីភ្នំពេញឈ្នះរង្វាន់ប្រាក់សុទ្ធ ពីស្រាបៀរកម្ពុជាផងដែរ ដែលក្នុងនោះបីនាក់ ឈ្នះរង្វាន់២,២០០ដុល្លារ និងបីនាក់ទៀត ឈ្នះ១,២០០ដុល្លារ។
គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលថ្មីនេះ ស្រាបៀរកម្ពុជាផ្តល់រង្វាន់ជាប្រាក់សុទ្ធរួមមាន ១០,០០០ដុល្លារ ២,២០០ដុល្លារ និង១,២០០ដុល្លារ ប្រាំរង្វាន់ជារៀងរាល់ថ្ងៃ៕