(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលវេលាផលិត អស់រយៈពេលជាច្រើនខែកន្លងមក នៅទីបំផុតភាពយន្តខ្នាតធំរឿង «រាជិនី» របស់ផលិតកម្មបដិហារ្យភាពយន្ត បានដាក់បង្ហាញពីឈុតខ្លីរបស់ខ្លួន ជាផ្លូវការ និងបានប្រកាសថា គ្រោងនឹងដាក់បញ្ចាំង គ្រប់រោងនៅថ្ងៃទី១៥ មិថុនា ខាងមុខនេះ។
ផលិតករ និងចាងហ្វាងផលិតកម្ម «បដិហារ្យភាពយន្ត» លោក ស៊ុម ភារិន បានអះអាងថា ភាពយន្តនេះនឹងដំណើរការ ដាក់បញ្ចាំង នៅថ្ងៃទី១៥ មិថុនា គ្រប់រោង ហើយមិនទាន់ច្បាស់ថា នឹងមានពិធីសម្ពោធជាទ្រង់ទ្រាយធំ ឬយ៉ាងណានោះទេ ក្នុងពេលដែលខាងរោងកុន មិនទាន់បញ្ជាក់ថា មុនថ្ងៃទី១៥ មិថុនា តើរោងកុនទំនេរពេលណា ដែលអាចឲ្យផលិតកម្មធ្វើកម្មវិធី។
លោកបន្តថា សូមឲ្យទស្សនិកជនជួយគាំទ្ររឿងនេះ ព្រោះជាស្នាដៃកូនខ្មែរ ដោយសាច់រឿងមិនមានការចម្លងពីភាពយន្តណាមួយឡើយ។ ក្នុងនោះឈុតឆាកសម្ដែងក៏មានកំប្លែង កំសត់ និងភ័យរន្ធត់គ្រប់រសជាតិ ពេញមួយផ្ទៃរឿង ខណៈរឿងនេះចំណាយទុនផលិតច្រើនគួរសម ហើយបើនិយាយពីពេលវេលាក្នុងការផលិត និងកាត់តក៏ប្រើពេលមិនតិចជាង៤ខែដែរ។
លោក ស៊ុម ភារិន បានសង្កត់ធ្ងន់ថា ភាពយន្តរឿង «រាជិនី» គឺជារឿងដែលលោកសម្រិតសម្រាំង និងបង្កើនគុណភាពខុសប្លែកជាងមុន បើទោះជាតួសម្ដែងជ្រើសយកតារាក្មេងៗច្រើន ជាងតារាជើងចាស់ខុសពីរឿងមុនៗ។ យ៉ាងណាមិញ រឿងនេះតារាសម្ដែងសុទ្ធតែមានភាពទាក់ទាញ និងប្រឹងអស់ពីសមត្ថភាពក្នុងការសម្ដែង ទើបលោករំពឹងយ៉ាងខ្លាំងថា នឹងទទួលជោគជ័យច្រើនជាងភាពយន្តពីរមុន ដែលផលិតកម្មបដិហារ្យបានផលិត។
សូមបញ្ជាក់ថា រឿង «រាជិនី» ជាស្នាដៃទី៣របស់ផលិតកម្មបដិហារ្យ បន្ទាប់ពីភាពយន្តចំនួន២រឿងមុន គឺរឿង «គំនុំខ្មោចក្រមុំទាំង៣» និងរឿង «លង់ស្នេហ៍អ្នកគ្រូ» ទទួលបានជោគជ័យរួចមកហើយ៕