(ភ្នំពេញ)៖ មន្រ្តីជំនាញម្ហូបអាហារ នៃសាខាកាំកុងត្រូល​ផែស្ងួតចុង​ទីភ្នំពេញ ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ ដោយមានការសហការ ជាមួយក្រសួងអប់រំ យុវជន និង​កីឡា និង​មន្ទីរពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ បានបើកវគ្គផ្សព្វផ្សាយមួយស្តីពី «សុវត្ថិភាពចំណីអាហារ និងកិច្ចការការពារ និងប្រើប្រាស់» ដល់សិស្សវិទ្យាល័យ​ព្រែកលៀប និងអាជីវករ​លក់​ដូរ ចំណី​អាហារ ក្នុងសាលា​ចំនួន១០៥នាក់​។

លោក ខៀវ បញ្ញវឌ្ឍន៍ គ្រូបង្គោល​មកពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលដឹកនាំវគ្គសិក្សានេះ បានឲ្យដឹងថា វគ្គសិក្សានេះ ធ្វើឡើងក្នុងគោលបំណងឲ្យសិក្ខាកាម មានចំណេះដឹងមូលដ្ឋាន តាមបែបវិទ្យាសាស្រ្ត​ជុំវិញ​សុវត្ថិភាពម្ហូបអាហារ ដោយផ្តោតទៅលើចំណេះដឹង​ជ្រើសរើសម្ហូបអាហារ ឲ្យមានសុវត្ថិភាព រួមទាំងការ​រក្សាទុក ការចំអិន ការធ្វើអនាម័យ និងការបរិភោគប្រកបដោយសុវត្ថិភាពផងដែរ​។

សិក្ខាសាលា ក៏បានលើកយកមកនិយាយផងដែរ នូវការទទួលខុសត្រូវរបស់អ្នកផលិត អ្នកនាំចូល អ្នកចែក​ចាយ ​ចំពោះមុខច្បាប់ដោយយោងលើច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផល ទំនិញ និងសេវា» ដែលអនុវត្តដោយមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធនិងម្ហូបអាហារ​។

បើតាមលោក ខៀវ បញ្ញវឌ្ឍន៍​ សារៈសំខាន់របស់អាហាររូបត្ថម្ភមួយចំនួន ពិសេសសារសំខាន់​របស់សារធាតុអ៊ីយ៉ូត ដែលអាចរកបានយ៉ាងងាយ​ នៅក្នុងអំបិលអ៊ីយ៉ូត ក៏ត្រូវបានលើកយកមក​ផ្សព្វផ្សាយ​ផងដែរ។

ជាមួយគ្នានេះផងដែរ សិក្ខាសាលាក៏បានដាក់ចេញ​នូវប្រធានបទសំខាន់ៗផ្សេងទៀត ដូចជា ការបង្ហាញឲ្យឃើញនូវ ផលប៉ះពាល់ នៃសារធាតុគីមីខុសច្បាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពអ្នកប្រើប្រាស់ ដែលត្រូវបាន​លួចដាក់បញ្ចូលក្នុងម្ហូបអាហារដោយចេតនា ដើម្បីបង្កើនសម្រស់ទាក់ទាញឲ្យស្វិត ឲ្យស្រស់ និងកុំឲ្យឆាប់ខូច ទៅលើមុខទំនិញម្ហូបអាហារមួយចំនួន ដែលមន្រ្តីជំនាញតែងតែរកឃើញ នៅលើទីផ្សារហើយធ្វើការ រឹបអូសនិងកម្ទេចចោល។

គួរបញ្ជាក់ថា លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក បានទទូចសុំឲ្យបងប្អូន អាជីវករទាំងអស់ មេត្តា​ប្រកបមុខរបរទទួលទាន ទំនិញហូបចុកឲ្យស្ថិតក្រោមអំណាចផ្លូវច្បាប់ មានវិជ្ជាជីវៈ និងប្រកបដោយ​ក្រមសីលធម៌ កុំគិតគូរតែផលចំណេញផ្ទាល់ខ្លួន ហើយមិនបានគិតដល់សុវត្ថិភាពសាធារណៈ និងរួមគ្នាសហការ ជាមួយសមត្ថកិច្ច​រួមចំណែកទប់ស្កាត់ និងបំបាត់ទាំងស្រុងទំនិញហូបចុក ដែលពុំមានសុវត្ថិភាពនៅលើទីផ្សារ ក៏ដូចជាទៅដល់ដៃអ្នកប្រើប្រាស់៕