(ភ្នំពេញ)៖ នាយិកាសាលា New Gateway International លោកស្រី ប៊ុន ណារី បានថ្លែងថា ការទទួលជោគជ័យ ក្នុងការអប់រំបុត្រធីតា មិនអាចពឹងផ្អែក តែលើសាលារៀនទាំងស្រុងនោះទេគឺត្រូវទាមទារឲ្យមានការយកចិត្ត ទុកដាក់ខ្ពស់ជាពិសេស ការតាមដានការសិក្សារបស់កូនៗ ពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្ស គ្រប់រូប។
ការបញ្ជាក់របស់លោកស្រី ប៊ុន ណារី យ៉ាងដូច្នេះធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេ ខណៈសាលារៀន New Gateway International បានរៀបចំកម្មវិធីជួបជុំមាតា បិតា សិស្សានុស្ស និងគ្រូបង្រៀន ដើម្បីផ្ដល់ជាយោបល់ពីការសិក្សារបស់សិស្សដល់មាតាបិតា បង្ហាញប្រាប់ពីសមត្ថភាពរបស់សិស្ស និងការជំរុញបង្កើនសមត្ថភាពដល់សិស្សបន្ថែមទៀត។
លោកស្រីបានថ្លែងឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង បង្កើននូវការទំនាក់ទំនង និងកិច្ចសហការរវាងមាតាបិតាសិស្ស ជាមួយគ្រូបង្រៀន ដើម្បីផ្លាស់ប្ដូរយោបល់គ្នាពីការរីកចម្រើន និងចំណុចដែលត្រូវរួមគ្នាយកចិត្តទុកដាក់កែលម្អលើកង្វះខាតមួយចំនួនរបស់កូនៗ ធ្វើយ៉ាងណាឲ្យពួកគាត់ ទទួលបាននូវចំណេះដឹងសីលធម៌-សុជីវធម៌ក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងដើម្បីពង្រីងការអប់រំ ឲ្យមានការអភិវឌ្ឍកម្រិតខ្ពស់ផងដែរ។
លោកស្រីបានលើកឡើងទៀតថា ការចូលរួមរបស់មាតាបិតា អាណាព្យាបាលក្នុងការអប់រំ ជាកត្តាសំខាន់បំផុត នឹងទទួលបាននូវ លិទ្ធផលយ៉ាងល្អប្រសើរដូចជាសិស្សទទួលបានលិទ្ធផលការសិក្សាល្អ អត្រាការប្រឡងជាប់ខ្ពស់ អត្រាបោះបង់ និងព្យួរការសិក្សា មានកម្រិតទាបព្រមទាំងសិស្សអាចស្ថិតនៅឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងសកម្មភាពក្មេងទំនើងដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លុបបំបាត់ជាដើម៕