(ភ្នំពេញ)៖ មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់លេខ៦០១ ក្នុងសណ្ឋាគារអូវី ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់២២១.៥២ក្រាម។
ការបង្ក្រាបធ្វើឡើងក្រោម ការចង្អុលបង្ហាញពីសំណាស់ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ទើបលោកឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ក្រោមការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង ស៊ុន វីរៈ ចុះចាប់ជនជួញដូរគ្រឿងញៀន នៅទីតាំងខាងលើ ឈ្មោះ ឆេង ភួន ហៅឆេង ម៉ៅ ជនជាតិខ្មែរ ដកហូតថ្នាំញៀន២២១.៥២ក្រាម។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបគ្រឿងញៀន ខុសច្បាប់ជាលើកទី១ មានរយៈពេល៦ ខែចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៧ ដែលបានធ្វើឲ្យការបង្ក្រាបគ្រឿងញៀន កាន់តែមានសកម្មភាពកាន់តែខ្លាំងក្លាឡើង ដោយបានចាប់ខ្លួនជនជួញដូរ និងប្រើប្រាស់រាប់ពាន់នាក់។ ជាមួយគ្នានេះ ជាញឹកញយ គេឃើញ លោកឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ តែងតែបង្ក្រាបបានជនជួញដូរគ្រឿងញៀន ទាំងទ្រងទ្រាយតូច និងធំផងដែរ៕