(បាត់ដំបង)៖ រថយន្តធន់ធំប្រភេទកុងតឺន័រ១គ្រឿង បានព្រលះរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន លី ហុង ពីមុខពេញទំហឹង បណ្ដាលឲ្យមនុស្សចំនួន២០នាក់ របួសធ្ងន់-ស្រាល ក្នុងនោះមានស្រីចំនួន១២នាក់។ ភ្លាមៗនោះត្រូវបានសមត្ថកិច្ចជួយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង០២៖៤០នាទីទៀបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចក្រុមទី១៤ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

មន្ត្រីនគរបាលចរាចរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តធន់ធំ ប្រភេទកុងតឺន័រពាក់ស្លាកលេខ ព្រះសីហនុ 4A-1599 (អ្នកបើកបរគេចខ្លួនបាត់) បានរេចង្កូត ទៅបុកនិងរថយន្តក្រុង ដឹកអ្នកដំណើររបស់ក្រុមហ៊ុន លី ហុង ពាក់ស្លាកលេខ ភ្នំពេញ3D-3285 ស្របពេលដែលរថយន្តទាំង២ បានធ្វើដំណើរច្រាស់ទិសគ្នា តាមបណ្តោយផ្លូវជាតិ លេខ៥ពីលិចទៅកើត។

មន្ត្រីនគរបាល បានបន្តទៀតថា ជនរងគ្រោះទាំង២០នាក់ខាងលើរួមមាន ទី១៖ ឈ្មោះ គឹម ថុង ភេទប្រុស អាយុ១៨ឆ្នាំ (អ្នកបើកបររថយន្តក្រុង) រស់នៅភូមិ ព្រែកក្តី ឃុំព្រែកតាតេន ខេត្តកណ្តាល របួសធ្ងន់បាក់ជើងខាងឆ្វេង ទី២៖ ឈ្មោះ យុន នាង​​ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកោះរាវ ស្រុកព្រះស្តេច ខេត្តព្រៃវែង របួសបាក់ខ្មងជើងទាំងសងខាង ទី៣៖ ឈ្មោះ ហេង វិតា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅសង្កាត់ ផ្សារចាស់ ក្រុងភ្នំពេញ របួសជើងទាំងសងខាង និងបែកមាត់ចេញឈាម និងចំនួន១៧នាក់ទៀត មិនស្គាល់សាវតាទេ ដោយសាររថយន្ត ប្រញាប់ដឹកអ្នករបួសយកទៅមន្ទីរពេទ្យខេត្ត។

បច្ចុប្បន្ន រថយន្ត២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសង្កែ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕