(ភ្នំពេញ​)៖​ យោងតាមរបាយការណ៍ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ ស្តីពីការរកឃើញសារធាតុគីមី ហាមឃាត់ (propyl para hydroxy penzoate) ប្រើក្នុង ផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំរសជាតិ ប្រេងខ្យងម៉ាក Yuan's មានសារធាតុ គីមីសម្រាប់ថែរក្សាផលិតផល ឲ្យមានអាយុកាលវែងនោះ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យមន្រ្តីកាំកុងត្រូលចុះធ្វើការ ស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ ​និងផ្សារមួយចំនួនកំពុងតាំងលក់នូវ ផលិតផលទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ និងការនាំចូលផលិតផល ប្រេងខ្យងម៉ាក yuan's ពីក្រៅប្រទេស។

​ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មន្ត្រីកាំកុងត្រូល​ ក៏បានអំពាវនាវ ដល់បងប្អូនអាជីវករ ក៏ដូចជា ម្ចាស់ហាងស្តាម៉ាត មេត្តាយកចិត្ត ទុកដាក់ និងពិនិត្យផលិតផល ឲ្យបានច្បាស់លាស់មុន នឹងដាក់តាំងលក់ឲ្យបងប្អូនប្រជាពលរដ្ឋ ទិញយកទៅបរិភោគ​ ជាពិសេសនោះ ត្រូវចូលរួមសហការជាមួយមន្ត្រីកាំកុងត្រូល​ បើសិនមានជនណា​ ឬក៏ក្រុមហ៊ុនណា ហានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព និងហួសសុពលភាព​ និងមានជាតិគីមី​ មកលក់និងចែកចាយ សូមរាយការណ៍និងទាក់ទងមក មន្ត្រីកាំកុងត្រូលជាបន្ទាន់ដើម្បី ងាយស្រួលការចុះទប់ស្កាត់និងហាមឃាត់៕