(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារ ដែលមានការចូលរួមពី អភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះទៅពិនិត្យ និងសួរសុខទុក្ខកងទ័ព ដែលឈរជើងនៅប្រាសាទខ្នា លើភ្នំដងរែក ក្នុងសង្កាត់បន្សាយរាក់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា នៅតំបន់នោះ មិនទាន់មានផ្លូវធ្វើដំណើរ កន្លងមកបងប្អូនកងទ័ពនៅទីនោះជួបការលំបាកក្នុងការធ្វើដំណើរ នៅពេលឡើងចុះភ្នំម្តងៗត្រូវចំណាយពេលពី០៤ ទៅ០៥ម៉ោងឯណោះទើបដល់។
ជំនួសមុខឲ្យកងទ័ព នាយឧត្តមសេនីយ៍ គន់ គីម បានបេ្ដជ្ញាចិត្តការពារបូរណភាពទឹកដី គោរពអនុវត្តន៍យ៉ាងហ្មឺងម៉ាត់រាល់អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ទន្ទឹមនោះបងប្អូនគោរពស្នើសុំ សម្តេចតេជោ កសាងផ្លូវគ្រួសក្រហម០១ខ្សែ ប្រវែង១,២០០ម៉ែត្រ និងជណ្តើរឈើប្រវែង៨៥០ម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរ ដឹកជញ្ជូនសម្ភារ ស្បៀងអាហារ ជាពិសេសពេលមាន អ្នកជំងឺ អាចបញ្ជូនចុះបានទាន់ពេលវេលា៕