(ភ្នំពេញ)៖ ខេមរៈសហព័ន្ធតេក្វាន់ដូ WTF កម្ពុជា បានត្រៀមកីឡាករ ១នាក់ និងកីឡាការិនី ៣នាក់ ក្នុងនោះក៏មានវត្តមានវីរៈកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡានេះផងដែរ ដើម្បីត្រៀមបញ្ជូនទៅចូលរួមប្រកួតតេក្វាន់ដូ WTF ជ្រើសរើសជើងឯកពិភពលោក 2017 Muju Championships World Taekwondo នៅសាធារណៈរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៤-៣០ ខែមិថុនាឆាប់ៗខាងមុខនេះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអត្តពលិកតេក្វាន់ដូកាលពីល្ងាចមិញ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធបានឲ្យដឹងថា នេះគឺជាឱកាសមួយដ៏ល្អសម្រាប់ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដែលត្រូវបញ្ចេញសមត្ថភាពលើឆាកអន្ដរជាតិ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាចុងខែសីហាខាងមុខ។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ព្រឹត្តិការណ៍ 2017 Muju Championships World Taekwondo អាចនឹងមានឧបសគ្គច្រើន សម្រាប់អត្តពលិកកម្ពុជា ដោយសារមានអត្តពលិកដល់ទៅជិត ១,៧០០នាក់ មកពី ១៨១ប្រទេសឯណោះចូលរួម ពោលគឺព្រឹត្តិការណ៍នេះមានកម្រិតខ្ពស់ជាងការប្រកួតកីឡាអូឡាំពិកទៅទៀត។ ដូច្នេះឱកាសក្នុងការស្វែងរកមេដាយក៏ពិបាកដែរ ប៉ុន្ដែលោកនៅតែជឿជាក់លើសមត្ថភាពកីឡាការិនី ស៊ន សៀវម៉ី ដែលមានបទពិសោធន៍ធ្លាប់ចូលរួមការប្រកួតកីឡាអូឡាំពិក កាលពីឆ្នាំ២០១៦កន្លងទៅ។
កញ្ញា ស៊ន សៀវម៉ី បានបញ្ជាក់ដែរថា ខ្លួនបានត្រៀមរួចហើយ ដើម្បីចូលរួមការប្រកួតកម្រិតពិភពលោកនេះ ប៉ុន្ដែដោយសារវាគៀកនឹងការប្រកួតកីឡាស៊ីហ្គេមដែរ ខ្លួននឹងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារមិនឲ្យកើតមានរបួស ព្រោះបច្ចុប្បន្នរបួសជង្គង់របស់ខ្លួន មិនទាន់ជាសះស្បើយ ១០០% ឡើយ។ ចំពោះឱកាសដណ្ដើមមេដាយជូនជាតិវិញ នាងមានការរំពឹងត្រឹម ៥០%ប៉ុណ្ណោះ ព្រោះកញ្ញាយល់ថា វាពិបាកជាងការប្រកួតនៅអូឡាំពិក ដែលត្រូវឆ្លងកាត់ការប្រកួតជាច្រើន ទើបអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គផ្ដាច់ព្រ័ត្រ។
យ៉ាងណាមិញការចូលរួមព្រឹត្តិការណ៍ 2017 Muju Championships World Taekwondo នេះ ក៏ជារឿងល្អមួយសម្រាប់ខ្លួន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នាពេលខាងមុខផងដែរ ខណៈបច្ចុប្បន្ននាងកំពុងសម្រុកហាត់កម្លាំង ដើម្បីបំពេញចំណុចខ្វះខាតរបសខ្លួន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់វីរៈកីឡាការិនីបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ដណ្ដើមបានសិទ្ធិឡើងទៅប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ និងបំបែកកំណត់ត្រាដណ្ដើមបានមេដាយមាសកីឡាអាស៊ីលើកដំបូង កាលពីឆ្នាំ២០១៤ គឺកញ្ញា ស៊ន សៀវម៉ី។
ចំពោះសមាសភាពកីឡាករ-កីឡាការិនី ៤រូបផ្សេងទៀត ក្រៅពី សៀវម៉ី ដែលត្រូវប្រកួតលើវិញ្ញាសាទម្ងន់ក្រោម ៧៣គីឡូក្រាមនោះ រួមមានកីឡាការិនី Cassandre Nicole Tubbs កំពុងហាត់នៅសហរដ្ឋអាមេរិក ត្រូវប្រកួតទម្ងន់ក្រោម ៥៧គីឡូក្រាម និងកីឡាការិនី អ៊ុន វ៉ិនសុចិរង្ស៊ី ប្រកួតទម្ងន់ក្រោម ៤៩គីឡូក្រាម, កីឡាករ ឈុន សុខឡុង ប្រកួតទម្ងន់ក្រោម ៦៣គីឡូក្រាម និងកីឡាករ វ៉ាន់ ឬទី្ធ ប្រកួតទម្ងន់ក្រោម ៦៤គីឡូក្រាម៕
កីឡាការិនី ស៊ន សៀវម៉ី (រូបទី១ រាប់ពីឆ្វេង)