(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើតាមការឲ្យដឹងពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានបង្ហោះនៅលើ Facebook ផ្លូវការរបស់លោក។

ចំពោះរបៀបវារៈដែលនឹងត្រូវលើកយកមកពិភាក្សានោះរួមមាន៖

ទី១៖សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។

ទី២៖សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់។

និងទី៣៖បញ្ហាផ្សេងៗពី សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប»៕