(កណ្តាល)៖ បន្ទាប់ពីមានការចេញផ្សាយថា «ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្តោយដងទន្លេបាសាក់ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កំពុងរស់នៅទាំងភ័យខ្លាច ដោយសាររំញ័រ នៃម៉ាស៊ីនបូមខ្សាច់កន្ត្រាក់ទុយោក្រោមផ្លូវ និងកម្លាំងច្រានទឹកពីស្លាបចាក់សាឡង់បូមខ្សាច់ អង្រួនផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ខ្លះបាក់បែកប្រះស្រាំ សម្រានក៏មិនបាន»។
នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងរ៉ែ និងថាមពល បានចេញមកបំភ្លឺជូនសាធារណជនថា បងប្អូនប្រជាពលរដ្ឋដែលរងការបាក់ច្រាំង ទន្លេទាំងអស់នោះ បានទទួលយកដំណោះស្រាយ ពីអាជ្ញាធរខេត្តកណ្តាល និងក្រុមហ៊ុនរួរាល់អស់ហើយ តាំងពីពេលមុនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងទៅថ្មីៗនេះ។
ក្រសួងរ៉ែ និងថាមពល បានចេញមកបំភ្លឺជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនប្រជាពលរដ្ឋទាំង៩គ្រួសារ ដែលរងការបាក់ច្រាំងទន្លេ នៅទល់មុខ វត្តឈូកលាបនោះគឺពួកគាត់ទាំងអស់ គ្នាបានទទួលយកដំណោះស្រាយពីអាជ្ញាធរខេត្តកណ្តាល និងក្រុមហ៊ុនរួចរាល់អស់តាំងពីពេលមុនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារឃុំ សង្កាត់កន្លងមកថ្មីៗនេះ ហើយដំណោះស្រាយមានដូចខាងក្រោម៖
១៖ ក្នុងមួយគ្រួសារទទួលបានប្រាក់៥លានរៀល និងដីកម្មសិទ្ធិសំរាប់ធ្វើផ្ទះចំនួនមួយឡូដូចៗគ្នា។
២៖ សាលាខេត្តកណ្តាល បានឲ្យក្រុមហ៊ុន ពោធិនិរន្តន៍ ជាអ្នកបូមខ្សាច់ចាក់លុបដីទាំង៩គ្រួសារ អស់ខ្សាច់ចំនួនកន្លះម៉ឺនម៉ែត្រគូប ហើយការបូមចាក់លុបនោះ ក្រុមហ៊ុន ពោធិនិរន្តន៏ បានសហការគ្នាជាមួយក្រុមហ៊ុន សុង សុភាព, ព្រោះក្រុមហ៊ុន សុង សុភាព មានប្រពន្ធ័ទុយោបូមពីទីតាំងបាក់នោះទៅជិតទីតាំង ចាក់លុបនោះ។ ប្រជាពលរដ្ឋទាំង៩គ្រួសារនោះបានទទួលយកដំណោះស្រាយខាងលើដោយរីករាយបំផុត។
៣៖ ចំពោះការចុះផ្សាយរបស់អ្នកសារព័ត៌មាន ហង្សមាស និង Fresh News គឺជាព័ត៌មានបំប៉ោងព័ត៌មាន ហើយមានឆន្ទះដុតឲ្យខ្លោច រោលឲ្យឆៅ ផ្ទុយពីការ ពិត ពីព្រោះមុនក្រុមហ៊ុនដាក់សាឡង់បូមខ្សាច់ឡើងទៅលើគោក ក្រុមហ៊ុនបានចរចារជាមួយប្រជាពលរដ្ឋរួចរាល់ហើយ គឺប្រជាពលរដ្ឋបានសំណូមពរឲ្យក្រុមហ៊ុន តទុយោឲ្យឃ្លាតឆ្ងាយពីច្រាំងទន្លេ ហើយក្រុមហ៊ុនបានតរទុយោចេញពីច្រាំងទន្លេ ប្រវែងប្រមាណ៥០ម ជិតដល់កណ្តាលទន្លេ។
ក្រៅពីការបំភ្លឺខាងលើ ក្រសួងបានអះអាងថា ចំពោះនៅទីតាំងបាក់ច្រាំងដែលបណ្តាលមកពីគ្រោះធម្មជាតិនោះ ក្រុមហ៊ុនបានបូមចាក់ទប់ច្រាំងអស់ខ្សាច់ប្រមាណ ១៦០០០ម៉ែត្រគូបផងដែរ៕