(ភ្នំពេញ)៖ ខណៈគណបក្សប្រជាជនកម្ពុជាបានអះអាងពីការទទួលបានជោគជ័យដ៏ធំធេងលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ គ្រប់គ្រងឃុំសង្កាត់រហូតដល់ជាង៧០% និងដាក់ផែនការជំរុញការពង្រីកសមាជិកបក្សបន្ថែមទៀតពង្រឹងសាមគ្គីភាពដើម្បីបង្កើន សន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះ ទៅថ្នាក់មូលដ្ឋានសំដៅឈាន ឆ្ពោះទៅកាន់ជ័យជម្នះរឹតតែធំធេងជាងនេះថែមទៀត សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ គណបក្សសង្គ្រោះ ជាតិកំពុងតែភ័យស្លន់ស្លោររឿងកញ្ចប់ថវិកា៥០ម៉ឺនដុល្លារ ដែលមន្ត្រី និងសកម្មជនបក្សប្រឆាំងដើរសន្យាថានឹងផ្តល់ ជូនសម្រាប់ការអភិវឌ្ឍឃុំសង្កាត់ បើបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិនៅថ្ងៃទី៤ខែមិថុនា។
តើនៅមុនពេល និងក្រោយពេលបោះឆ្នោត គណបក្សប្រឆាំងដែលល្បីខាងឃោសនាបោកប្រាស់ប្រជាជនខ្លួនឯងដោយយកទឹកប្រាក់ជា អន្ទាក់ដើម្បីទាញទឹកចិត្តអ្នកបោះឆ្នោតមួយហើយល្បីដល់ក្រៅប្រទេសនេះបានធ្វើអ្វីខ្លះ?
១៖ អួតថាមានអ្នកគាំទ្រលើសលុប៖ នៅមុនពេល និងអំឡុងពេលឃោសនាបោះឆ្នោត មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានចេញមុខមកអួតក្តែងៗថា បក្សខ្លួនមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេសកម្ពុជាតាមរយៈការ បង្ហាញសាច់ដុំនៅក្នុងដំណើរការឃោសនាបោះឆ្នោត ខណៈខេត្តខ្លះ បក្សប្រឆាំងបាននាំគ្នាកៀងគរកម្លាំងសកម្មជន និងអ្នកគាំទ្រមកពីស្រុកនិងខេត្តជាប់ព្រំដែនគ្នាដើម្បីមកជួយថែក្បួនឃោសនាបង្ហាញថាខ្លួនមានកម្លាំងគាំទ្រច្រើន។
នេះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រមួយដែលបក្សប្រឆាំងប្រើប្រាស់ដើម្បីទាក់ទាញពលរដ្ឋផ្សេងទៀតឱ្យគាំទ្រខ្លួននិង មើលទៅឃើញថាមានអ្នកគាំទ្រខ្លួនច្រើន សន្ធឹកសន្ធាប់ច្រើន ជាងគណបក្សប្រជាជនកម្ពុជា។ តាមពិតមិនដូច្នេះទេវា មិនដូច្នោះទេ ក្រោយបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤ ខែមិថុនា គណបក្សប្រឆាំងទទួលបានសំឡេង ឆ្នោតគាំទ្រចំនួនជាង ៣លានសំឡេង និងមានកំណើនសន្លឹកឆ្នោតគាំទ្រប្រមាណ ៥ម៉ឺនសំឡេង នៅទូទាំងប្រទេស បើប្រៀបធៀបនឹងការបោះឆ្នោតជាតិឆ្នាំ ២០១៣។ ចំណែកគណបក្សបក្សប្រជាជនកម្ពុជាវិញទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋចំនួន ជាង៣,៥លានសំឡេងស្មើនឹងប្រមាណ ៥១%នៃសន្លឹកឆ្នោតបានការសរុប។ យោងតាមសំឡេងទទួលបាននៅឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិអាចឈ្នះគ្រប់គ្រងឃុំសង្កាត់ចំនួនជាង៦២០ឃុំ ប៉ុន្តែនៅឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិអាចគ្រប់គ្រងបានត្រឹមតែ ៤៨២ ឃុំសង្កាត់ប៉ុណ្ណោះហើយសំឡេងឆ្នោតកើនបានត្រឹមតែ៥ ម៉ឺនសំឡេងនៅទូទាំងប្រទេស ខណៈគណបក្សប្រជាជនកម្ពុជាកើនប្រមាណ ៣០ម៉ឺនសំឡេង ដែលគ្មានគណបក្សណាមួយក្នុងការបោះឆ្នោតឆ្នាំ ២០១៧ នេះមានចំនួន សំឡេងកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាបបែបនេះឡើយ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣។
គណបក្សប្រជាជនគឺជាអ្នកឈ្នះពិត មិនចេះអួតអាង ប៉ុន្តែជាគណបក្សដែលបម្រើរាស្ត្រពិតប្រាកដនិងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋភាគច្រើន ព្រោះគណបក្សនេះបានជួយសង្គ្រោះជាតិ និងប្រជាជនពិតប្រាកដ មិនដូចគណបក្សប្រឆាំងអួតថាសង្គ្រោះជាតិតែឈ្មោះនោះទេ តែធាតុពិតជាគណបក្សសាងគ្រោះជាតិតាមរយៈការដើរញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋ បង្កើតឱ្យមានការរើសអើងប្រឆាំងពូជសាសន៍ និងស្អប់ខ្ពើមរវាងខ្មែរនិងខ្មែរ។
២៖ អួតថានឹងឈ្នះឆ្នោតគ្រប់គ្រងឃុំសង្កាត់ ៧០%ទៅ៧៥% និងគ្រប់គ្រងព្រឹទ្ធសភា ធ្វើជាប្រមុខរដ្ឋស្តីទី ៖ នៅពេលឃោសនាបោះឆ្នោតទាំងកឹម សុខា ម៉ុល ហំម មូរ សុខហួរ អេង ឆៃអ៊ាង យឹម សុវណ្ណ និងមេបក្សស្រមោល សម រង្ស៊ី សុទ្ធតែបានបង្ហាញមហិច្ឆតានយោបាយដ៏រវើរវាយនៅក្នុងការដណ្តើមគ្រប់គ្រងស្ថាប័នព្រឹទ្ធសភានៃព្រះរាជ ណាចក្រកម្ពុជាដើម្បីឡើងធ្វើជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីក្នុងពេលដែលព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះរាជអវត្តមានពីមាតុភូមិកម្ពុជា។ ប៉ុន្តែបក្សប្រឆាំងបានបាក់អំនួត និងបានចាញ់ឆ្នោតឡើងដំណំបំផុត ខណៈគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បានគ្រប់គ្រងឃុំសង្កាត់ចំនួន ១១៦៥ នៅទូទាំងប្រទេសកម្ពុជា និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួនប្រមាណ ៦៥១២ អាសនៈស្មើ នឹងប្រមាណ ៥៦,២៧% លើអាសនៈសរុបទូទាំងប្រទេសចំនួន ១១ ៥៧២។
ក្រោយការបោះឆ្នោត បក្សប្រឆាំងលែងហ៊ានរំឭកពីអំនួតនេះតទៅទៀតនិងបានត្រឹមតែនិយាយក្បែរៗនោះទាំងការខ្មាសអៀនខ្លួនឯង។ ភាពបរាជ័យនេះក៏ជាមេរៀនសម្រាប់បក្សប្រឆាំងឱ្យចេះប៉ានស្មានកម្លាំងខ្លួនឯងឱ្យបាន ច្បាស់ជាមុនសិន មុននឹងអួតយកមេឃមកទ្រាប់អង្គុយ។ ឥឡូវនេះ បក្សប្រឆាំងបានត្រឹមតែនិយាយលួងលោមខ្លួន ឯងថាគឺជាភាពជោគជ័យដ៏ធំរបស់ខ្លួន។ ឯណាទៅជោគជ័យ? កុំយកតួលេខប្រៀបធៀបការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ ២០១២ ព្រោះពេលនោះបក្សសម រង្ស៊ី និងបក្សសិទ្ធិមនុស្សមិនទាន់បញ្ចូលគ្នា កម្លាំងគាំទ្រនៅបែកពីគ្នា។ អ្វីដែលស្ថិតទៅជិតភាពត្រឹមត្រូវជាងគឺចាប់គិតពីឆ្នាំ ២០១៣ ដែលគណបក្សសង្គ្រោះជាតិបានរួមគ្នា ប្រកួតជា មួយគណបក្សប្រជាជនកម្ពុជា។
៣៖ សន្យាផ្តល់កញ្ចប់ថវិកា ៥០ម៉ឺនដុល្លារដើម្បីអភិវឌ្ឍឃុំ៖ មេបដឹកនាំបក្សប្រឆាំង និងសកម្មជនរបស់ខ្លួនបានផ្ញើសារទៅកាន់អ្នកបោះឆ្នោតដោយបានអំពាវនាវប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនៅថ្ងៃទី៤ ខែមិថុនា នឹងទទួលបានថវិកា ៥០ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍឃុំសង្កាត់។ ចំណែកកឹម សុខា វិញ មិនខ្លាចនឹងសន្យា ខ្យល់ទេដោយបង្កើនរហូតដល់ ១ លានដុល្លារក្នុងមួយឃុំ។
ប៉ុន្តែក្រោយការបោះឆ្នោត គណបក្សសង្គ្រោះជាតិចាប់ ផ្តើមភ័យស្លន់ស្លោរនឹងកញ្ចប់ថវិកា ៥០ម៉ឺនដុល្លារ មិនដឹងត្រូវយកមកពីណាពីព្រោះខ្លួន បានសន្យាជ្រុលហួសទៅហើយ ចំណែកឯកប្រជាពលរដ្ឋដែលខំបោះឆ្នោតឱ្យព្រោះនឹកថា មេឃុំដែលជាប់ឆ្នោតថ្មីរបស់បក្សសង្គ្រោះជាតិនេះ នឹងកាន់លុយ ៥០ម៉ឺនដុល្លារក្នុងដៃដើម្បីអភិវឌ្ឍឃុំសង្កាត់តាមការសន្យា។ ប៉ុន្តែមានឯណា ឥឡូវនេះ ដល់ពេលកញ្ចប់ថវិកា៥០ម៉ឺនដុល្លារសន្យាក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់វិញម្តង ដល់ពេលបំភ័ន្តប្រជាជនក្នុងពេលឃោសនា ឥឡូវនេះផលដែលទទួលមកគឺទាំងសកម្មជនរបស់ខ្លួន និងប្រជាជនចាប់ផ្តើមយល់ច្រឡំ ព្រោះមន្ត្រីបក្សនេះរួមនឹងបេក្ខជនបក្សខ្លួនឯងបានឃោសនាថា នឹងទទួលបានចាប់ពីពេលខ្លួនឡើងជាមេឃុំ។
ដល់ពេលទ័លច្រក ប្រជាជនមិនពេញចិត្តនឹងការឃោសនាបោកប្រាស់នេះ មន្ត្រីបក្សប្រឆាំងរួមទាំង កឹម សុខា យឹម សុវណ្ណ យ៉ែម ប៊ុញ្ញាឫទ្ធិ ចាប់ផ្តើមព្យាយាមរុញបាល់ឱ្យផុតពីជើងខ្លួនយករួចតែខ្លួន ដោយនិយាយថា បក្សខ្លួនគ្មានប្រាក់ទេ ហើយថានឹងស្នើសុំរាជរដ្ឋាភិបាល។ នរណាជាអ្នកសន្យា អ្នកនោះជាអ្នកអនុវត្ត ដោះស្រាយ កុំយកបក្សដទៃ ឬរាជរដ្ឋាភិបាល ទៅជាប់ពាក់ព័ន្ធ។
ហើយសូមមន្ត្រីបក្សប្រឆាំងបែងចែកឱ្យដាច់ស្រឡះពីគ្នារវាងគោលនយោបាយរបស់រដ្ឋ និងគោលនយោបាយរបស់បក្សសម្រាប់ការឃោសនាបោះឆ្នោត កុំព្រោះតែចង់ឈ្នះ យឹម សុវណ្ណ និងបក្សប្រឆាំងហ៊ានសូម្បីតែបំភ័ន្ដកុហក បំភ្លៃ បំផ្លើសចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួនឯង។ យឹម សុវណ្ណ និងបក្សប្រឆាំងខ្លួនឯងក៏បានដឹងច្បាស់ដែរថា បើទោះបីនៅ ២០១៨ខ្លួនឈ្នះ ក៏មិនអាចអនុវត្តគោលនយោបាយ ៥០ម៉ឺនដុល្លារដល់ឃុំ សង្កាត់ដែរ ប៉ុន្តែចុះហេតុអ្វីក៏អ្នកនៅតែល្មើសនឹងការពិតនេះ។ អ្នកសិក្សាមួយចំនួនបានមើលឃើញថា បក្សប្រឆាំងកំពុងតែជីករណ្ដៅកប់ខ្លួនឯងជាបណ្ដើរៗហើយ ព្រោះនយោបាយរបស់បក្សប្រឆាំងជានយោបាយមើលងាយពលរដ្ឋខ្លួនឯង បោកប្រាស់កុហក ស្រេចតែអំពើចិត្ត។
នេះហើយជាអ្វីដែលបង្ហាញថា គណបក្សសង្គ្រោះជាតិពិតជាបានភូតកុហកខ្លួនឯង និងភូតកុហកប្រជាជនខ្លួនឯងដើម្បីមហិច្ឆតាអំណាច។ រាស្ត្រខ្មែរភាគច្រើន លើសលប់បានយល់ដឹងច្បាស់ថាសមិទ្ធផលដែលកើតឡើងនៅកម្ពុជារហូតមកទល់ពេលនេះ គ្មានបាតដៃបក្សប្រឆាំងទេ ពួកគេបានត្រឹមដើរញុះញង់ បញ្ឆេះកំហឹង អំពាវនាវឱ្យគេបិទទីផ្សារ ដាក់សម្ពាធលើរាជរដ្ឋាភិបាល និងរំខានសេចក្តីសុខ និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។
ហេតុដូច្នេះហើយបានប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាភាគច្រើនឱ្យគ្រប់គ្រងដឹកនាំឃុំសង្កាត់។
លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះគឺហាក់ដូចជាការព្យាករណ៍ទុកជាមុនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០១៨ផងដែរ ដែលគណបក្សប្រជាជននឹង ទទួលជ័យជម្នះថ្មីបន្ថែមទៀត។ ២០១៧ ឈ្នះរួចហើយ ឆ្នាំ ២០១៨ ឈ្នះទៀត!! ហើយសូមឱ្យអ្នកដែលសាបព្រោះខ្យល់ សន្យាកុហក រង់ចាំទទួលនូវព្យុះ និងការទាមទារឱ្យអនុវត្តតាមសន្យាទៅ!!
ដោយ៖ ចៅចាក់ស្មុក