(សៀមរាប)៖ លោក បណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយ គណៈកម្មាធិការគណបក្សក្រុង, គណៈកម្មាធិការគណបក្សសង្កាត់ទាំង១២, បេក្ខជនក្រុមប្រឹក្សាសង្កាត់, មេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងក្រុងសៀមរាប នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ លោក ក៏បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប។
លោក បណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប បានផ្តល់ឱកាសឲ្យសមាជិក សមាជិកាដែលបានអញ្ជើញមកនាពេលនេះ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍក្រុង សង្កាត់ និងបញ្ហាប្រឈមមុខដែលបានកើតឡើងកន្លងមកហើយនោះ នឹងផ្តល់ឱកាសក្នុងការបញ្ចេញមតិយោបល់ សំណូមពរ តម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ក្នុងនោះដែរលោក ក៏បានធ្វើការបកស្រាយបំភ្លឺជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ចំពោះបញ្ហាដែលពាក់ព័ន្ធនិងបញ្ហាដីធ្លី សេដ្ឋកិច្ច និងការងារសន្តិសុខសណ្តាប់ធ្នាប់ សេវារដ្ឋបាលសង្កាត់ ហើយបានសង្កត់ធំថាយើងនៅតែបន្តអភិវឌ្ឍន៍ថែមទៀត ទោះជាភូមិ សង្កាត់ខ្លះយើងចាញ់ក៏យើងនៅតែអភិវឌ្ឍន៍ និងបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋឲ្យកាន់តែច្រើនថែមទៀត ។
លោក បណ្ឌិត ប្រធានគណបក្សខេត្ត ក៏បានធ្វើការ កោតសសើរ ពីការខិតខំយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កន្លងមកធានាបាននូវសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ មិនមានអំពើហិង្សាអ្វីកើតឡើងឡើយ លើកពីនោះទៀតគឺសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងក្រុងសៀមរាបមានការកើនឡើង។