Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប បង្ហាញពីការដឹកជញ្ជូនសន្លឹកឆ្នោតពីរាជធានី-ខេត្ត មករក្សាទុកនៅទីស្ដីការ និងឃ្លាំងរបស់ខ្លួន (Video inside)

09-06-2017 21:19

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញកម្មវិធីដឹក​ជញ្ជូនកញ្ចប់​សន្លឹកឆ្នោត (កញ្ចប់ ឃ) ពីរាជធានី-ខេត្តទាំង២៥ យកមករក្សាទុកនៅទីស្ដីការរបស់ខ្លួន និងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ក្នុងលិខិតរបស់ គ.ជ.ប បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនសន្លឹកឆ្នោតនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ រួមមាន៖
១៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ដឹកមកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដាល កោះកុង មណ្ឌលគិរី រតនគិរី កែប ឧត្តរមានជ័យ និងខេត្តព្រះសីហនុ។
២៖ នៅថ្ងៃទី១២ ខែមិថុនា ដឹកមកពីខេត្តព្រៃវែង ស្ទឹងត្រែង តាកែវ ប៉ៃលិន ត្បូងឃ្មុំ ព្រះវិហារ ក្រចេះ កំពង់ចាម ស្វាយរៀង និងខេត្តសៀមរាប។
៣៖ នៅថ្ងៃទី១៣ ខែមិថុនា ដឹកមកពីខេត្តកំពង់ស្ពឺ កំពង់ធំ កំពត ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តបាត់ដំបង។

គ.ជ.ប បានផ្សព្វផ្សាយលទ្ធផលបឋម និងក្រៅផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៤ គ្រប់ទាំង ១,៦៤៦ឃុំ-សង្កាត់ រួចរាល់អស់ហើយ លើគេហទំព័ររបស់ខ្លួន (www.voterlist.org.kh) ប៉ុន្តែឃុំ-សង្កាត់មួយចំនួន គ.ជ.ប បានបញ្ជាក់ថា «កំពុងធ្វើការត្រួតពិនិត្យ»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តិដោយរលូនលើសអាណត្តិមុនៗនោះ បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅទូទាំងប្រទេស ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦៕