(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំលើកទី៣ សម្រាប់ឆ្នាំ២០១៧ រវាងប្រតិភូនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (កម្ពុជា) និងប្រតិភូនិស្សិតមកពីសាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត(ថៃ) នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។
សាកលវិទ្យាល័យទាំងពីរ បានសហការរៀបចំនូវព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំលើកទី៣នេះ ដោយបានបញ្ជូនគណៈគ្រប់គ្រងសាស្ត្រាចារ្យ និងនិស្សិតរបស់ខ្លួនចំនួន១០នាក់ មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រគ្រប់គ្រង, មហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្ត្រនៃសាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត ចំណែកឯសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបញ្ជូនគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតរបស់ខ្លួនចំនួន១៥នាក់ មកពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំនេះផងដែរ។
លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើការរម្លឹកខ្លះៗ អំពីចំណងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង សាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត លោកសាកលវិទ្យាធិការស្តីទី បានលើកឡើងថាអនុលោមតាមអនុស្សារណៈយោគយល់គ្នា (MOU) ដែលបានធ្វើឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៤ ដោយមានការគាំទ្រពីអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡងដ៏ប្រចាំនៅកម្ពុជា សាកលវិទ្យាល័យយើងទាំងពីរ បានបង្កើតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបានអនុវត្ត កំពុងបន្តអនុវត្ត និងបន្តអនុវត្តនូវបេសកកម្ម និងសកម្មភាពសំខាន់ៗ មួយចំនួនដែលមានចែងក្នុងខ្លឹមសារនៃ(MOU)ប្រកបដោយភាពរលូនល្អ និងទទួលបានលទ្ធផលជាផ្លែផ្ការួមមាន កម្មវិធីបណ្តុះបណ្តាលវគ្គខ្លីៗ លើជំនាញកុំព្យូទ័រ កម្មវិធីផ្លាស់ប្តូរសាស្រ្តាចារ្យ កម្មវិធីសិក្សា បទពិសោធន៍គ្នាទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកនូវចំណេះដឹងថ្មីៗឱ្យគ្នាទៅមកជាដើម។
លោកបន្ដថា ការរីកចម្រើនរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបាន ដូចជា ការកសាងអគារសិក្សាផ្ទាល់ខ្លួន និងអគារអន្តេវេសិកដ្ឋានសម្រាប់និស្សិតស្នាក់នៅ ដោយមានបំពាក់នូវសម្ភាររូបវន្ត និងបច្ចេកវិទ្យាទំនើបៗ ក្នុងគោលបំណងបម្រើដល់ការសិក្សា និងការស្រាវជ្រាវសម្រាប់និស្សិត កំណត់យ៉ាងច្បាស់លាស់នូវ ចក្ខុវិស័យ បេសកកម្ម យុទ្ធសាស្រ្ត និងសកម្មភាពនានា ដែលជាត្រីវិស័យសម្រាប់តម្រង់ទិស ដើម្បីលើកកម្ពស់ការអប់រំ ឱ្យប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ សព្វថ្ងៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មាននិស្សិតកំពុងសិក្សាជាងមួយម៉ឺននាក់ លើគ្រប់កម្រិត និងគ្រប់ឯកទេស។ ក្រៅពីនេះសាកលវិទ្យាល័យមាន បើកវគ្គបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ដូចជា សណ្ឋាគារ និងការរៀបចំម្ហូបអាហារ-ភេសជ្ជៈ ជំនាញគណនេយ្យ កុំព្យូទ័រ និងបណ្តុះបណ្តាលជំនាញកុំព្យូទ័រ Cisco កម្រិត CCNN 1, 2, 3, និង៤ ។
លោកស្រីសាស្រ្តាចារ្យ ស៊ូម៉ាណា ផុនផន ជាតំណាងសាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត ប្រទេសថៃ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ កិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យទាំងពីរ ដែលមានភាពល្អប្រសើរទាំងផ្នែកកាទូត និងផ្នែកអប់រំ នឹងប្តេជ្ញាបន្តពង្រឹងនូវចំណងសម្ព័ន្ធភាព លើកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងថែមទៀត ព្រមទាំងចូលរួមអនុវត្តនូវខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នា(MOU) ឱ្យមានប្រសិទ្ធភាពខ្ពស់៕