(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកស្រី អ៊ឹម ថាវី អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនស្រ្ដីម្នាក់ ដែលឆ្លងទន្លេនៅក្នុងបន្ទប់តែម្នាក់ឯង និងត្រូវប្តីរត់ចោល ។
អំណោយដែលប្រគល់ជូនស្ត្រីគ្មានទីពឹងឆ្លងទន្លេ កូនមិនគ្រប់ខែនាពេលនោះ រួមមាន៖ ថវិកាចំនួន៤០ម៉ឺនរៀល កន្សែងពោះគោធំ១ សារុង២ ខោអាវ មួក ស្រោមដៃ ស្រោមជើង៣ឈុត ទឹកដោះគោឆៅ២ឡូ ដែលបច្ចុប្បន្នសំរាកនៅបន្ទប់សង្គ្រោះបន្ទាន់មន្ទីពេទ្យកុមារជាតិ។
នាឱកាសនោះដែរ ដោយឃើញនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាមួយគ្នានេះ មានឪពុកម្តាយ មកថែរកូនមិនគ្រប់ខែចំនួន៤នាក់ទៀត ហើយសុទ្ធតែអ្នកខ្វះខាតជីវភាពលោកស្រី អេង គឹមហៀប ដែលត្រូវជាភរិយា លោក ហែម ដារិទ្ធិ ក៏បានចំណាយថវិការផ្ទាល់ខ្លួន រួមជាមួយក្រុមការងារ ដើម្បីជូនគ្រួសារទាំងនោះ អស់ទឹកប្រាក់សរុប ៤០ម៉ឺនរៀលទៀត ដោយក្នុងនោះជូនក្នុងម្នាក់ៗ១០ម៉ឺនរៀលផងដែរ៕